២៣
អ្នក​ដែល​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ
១ «អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​ឡើយ។
២ កូន​ឥត​ខាន់ស្លា​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន​ដែរ។
៣ ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​ដែរ។ ៤ ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូប៉ូតាមា អោយ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។ ៥ ប៉ុន្តែ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះអង្គ​បាន​ប្ដូរ​បណ្ដាសា​អោយ​ប្រែ​ទៅ​ជា​ព្រះពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះអង្គ​ស្រឡាញ់​អ្នក។ ៦ ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិតគូរ​ដល់​សេចក្ដី​សុខ ឬ​សុភមង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។
៧ កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង​ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។ ៨ កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះអម្ចាស់​បាន»។
ច្បាប់​ស្ដី​អំពី​ភាព​បរិសុទ្ធ​នៅ​ក្នុង​ទី​បោះ​ទ័ព
៩ «ពេល​ណា​អ្នក​ចេញ​ទៅ​បោះ​ទ័ព ធ្វើ​សឹក​នឹង​ខ្មាំង​សត្រូវ ចូរ​ចៀស​វាង​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​សៅហ្មង។ ១០ ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។ ១១ នៅ​ពេល​ល្ងាច គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ លុះ​ដល់​ថ្ងៃ​លិច គេ​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន។ ១២ ត្រូវ​រៀបចំ​អោយ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សំរាប់​អោយ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។ ១៣ ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សំរាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។ ១៤  ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កងទ័ព​របស់​អ្នក ដើម្បី​ការពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កងទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​អោយ​ព្រះអម្ចាស់​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។
ច្បាប់​ស្ដី​អំពី​ទាសករ
១៥ «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។ ១៦ គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះជាន់​គេ​ឡើយ»។
ច្បាប់​ស្ដី​អំពី​អំពើ​ពេស្យាចារ
១៧ «មិន​ត្រូវ​អោយ​មាន​ស្រី​ពេស្យា ឬ​ប្រុស​ពេស្យា​ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។ ១៨ កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយមុខ ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។
ច្បាប់​អំពី​ការ​ខ្ចី​ប្រាក់
១៩ «ប្រសិន​បើ​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាមទារ​អោយ​គេ​បង់​ការ​ប្រាក់​ឡើយ។ ២០ អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​អោយ​សោះ។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។​
ច្បាប់​អំពី​ការ​លា​បំណន់
២១ «ប្រសិន​បើ​អ្នក​បន់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។ ២២ ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។ ២៣ ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។
ច្បាប់​អំពី​ការ​បេះ​ផ្លែ​ឈើ
២៤ «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។ ២៥ ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន​ តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។