២៤
ច្បាប់អំពីការលែងលះគ្នា
១ «ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមក គេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះអោយនាង រួចលែងអោយនាងទៅចុះ។
២ ក្រោយចាកចេញពីប្ដីដើមទៅ នាងរៀបការជាមួយបុរសម្នាក់ទៀត។
៣ ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងលះប្រគល់អោយនាង ហើយអោយនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់
៤ ប្ដីដើមដែលបានលែងនាង មិនអាចយកនាងទៅធ្វើជាប្រពន្ធវិញឡើយ។ គេត្រូវចាត់ទុកនាងថាជាស្រីសៅហ្មង។ បើប្ដីដើមយកនាងវិញនោះ គឺជាអំពើមួយដែលព្រះអម្ចាស់ស្អប់ខ្ពើម។ មិនត្រូវធ្វើអោយអំពើបាបបែបនេះ កើតមាននៅក្នុងស្រុកដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រទានអោយអ្នកទុកជាកេរមត៌កឡើយ»។
ច្បាប់ផ្សេងៗ
៥ «មិនត្រូវអោយបុរសម្នាក់ដែលទើបនឹងរៀបការ ទៅធ្វើទាហានឡើយ ហើយក៏មិនត្រូវកែនគេអោយទៅធ្វើការអ្វីដែរ។ ក្នុងរយៈពេលមួយឆ្នាំ គេត្រូវតែនៅផ្ទះ ហើយធ្វើអោយភរិយាបានសប្បាយ។
៦ មិនត្រូវទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។
៧ ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ចាប់ជនរួមជាតិរបស់ខ្លួនយកទៅធ្វើជាទាសករ ឬយកទៅលក់ អ្នកនោះត្រូវតែទទួលទោសដល់ស្លាប់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
៨ ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលពួកបូជាចារ្យលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិ តាមពាក្យដែលខ្ញុំបង្គាប់ដល់បូជាចារ្យទាំងនោះ។
៩ ចូរនឹកចាំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើចំពោះបងស្រីម៉ារាម នៅតាមផ្លូវដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។
១០ ប្រសិនបើអ្នកអោយអ្វីមួយទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។
១១ អ្នកត្រូវឈរនៅខាងក្រៅផ្ទះ ចាំបងប្អូននោះយកវត្ថុបញ្ចាំចេញមកអោយ។
១២ ប្រសិនបើកូនបំណុលនោះជាជនក្រីក្រ អ្នកមិនត្រូវចូលដំណេក ដោយទុកវត្ថុបញ្ចាំជាប់នឹងខ្លួនឡើយ
១៣ តែត្រូវប្រគល់អាវធំដែលគេយកមកបញ្ចាំនោះទៅអោយគេវិញ មុនពេលថ្ងៃលិច ដើម្បីអោយគេមានអាវដណ្ដប់នៅពេលយប់ ព្រមទាំងអោយពរអ្នកទៀតផង។ ការប្រព្រឹត្តដូច្នេះជាអំពើមួយដ៏សុចរិត ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
១៤ មិនត្រូវជិះជាន់កម្មករក្រីក្រ ហើយកំសត់ទុគ៌តឡើយ ទោះបីអ្នកនោះជាជនរួមជាតិរបស់អ្នក ឬជាជនបរទេសដែលរស់នៅក្នុងស្រុករបស់អ្នកក្ដី។
១៥ ត្រូវបើកប្រាក់ប្រចាំថ្ងៃអោយគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូលអង្វរព្រះអម្ចាស់ប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើអោយខ្លួនឯងមានបាបមិនខាន។
១៦ មិនត្រូវប្រហារជីវិតឪពុក ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត។
១៧ មិនត្រូវរំលោភលើសិទ្ធិរបស់ជនបរទេស ឬក្មេងកំព្រាឡើយ ហើយក៏មិនត្រូវយកសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយទុកជាវត្ថុបញ្ចាំដែរ។
១៨ ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះ អោយអ្នកប្រព្រឹត្តតាម។
១៩ ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយអ្នកភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះកុំវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះអោយជនបរទេស ក្មេងកំព្រា ឬស្ត្រីមេម៉ាយរើស ដើម្បីអោយព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
២០ ពេលណាអ្នកបេះផ្លែអូលីវរួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះអោយជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។
២១ ពេលណាអ្នកបេះផ្លែទំពាំងបាយជូររួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះអោយជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។
២២ ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះអោយអ្នកប្រព្រឹត្តតាម។