៥
១ លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្ដាប់ៈ នេះជាច្បាប់ និងវិន័យដែលខ្ញុំប្រកាសប្រាប់អោយអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះអោយបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។
២ ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។
៣ ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
៥ ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នាពុំបានឡើងទៅលើភ្នំទេ។ ព្រះអង្គមានព្រះបន្ទូលថា:
៦ “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
៧ មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
៨ មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។
៩ មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបំរើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
១០ ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្ដីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
១១ មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់អោនអោយអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
១២ ចូរគោរពថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានបង្គាប់ដល់អ្នក។
១៣ អ្នកមានពេលប្រាំមួយថ្ងៃសំរាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ
១៤ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបំរើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវអោយអ្នកបំរើប្រុសស្រីរបស់អ្នកបានសំរាកដូចអ្នកដែរ។
១៥ អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់អោយអ្នកគោរពថ្ងៃសប្ប័ទ។
១៦ ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីអោយអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នកប្រទានដល់អ្នក។
១៧ កុំសម្លាប់មនុស្ស។
១៨ កុំប្រព្រឹត្តអំពើផិតក្បត់។
១៩ កុំលួចប្លន់គេ។
២០ កុំធ្វើសាក្សីក្លែងក្លាយ នាំអោយអ្នកដទៃមានទោស។
២១ កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចំការ អ្នកបំរើប្រុស អ្នកបំរើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
២២ នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ក្រុមជំនុំទាំងមូល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក* និងអ័ព្ទ។ ព្រះអង្គពុំមានព្រះបន្ទូលអ្វីថែមពីលើនេះទៀតទេ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ រួចប្រគល់មកអោយខ្ញុំ។
២៣ ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ
២៤ ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញអោយយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។
២៥ ហេតុនេះ សូមកុំបណ្ដោយអោយយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។
២៦ មិនដែលមានមនុស្សណាបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។
២៧ ដូច្នេះ សូមលោកចូលទៅជិតព្រះអង្គ ហើយស្ដាប់សេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងមានព្រះបន្ទូល រួចនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់យើងខ្ញុំផង។ យើងខ្ញុំនឹងស្ដាប់ព្រះបន្ទូល ហើយប្រតិបត្តិតាម”។
២៨ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។
២៩ ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ!
៣០ ចូរទៅប្រាប់ពួកគេអោយវិលត្រឡប់ទៅកាន់ជំរំរបស់គេរៀងៗខ្លួនចុះ។
៣១ ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីអោយពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់អោយពួកគេកាន់កាប់”។
៣២ អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្ដាំ។
៣៣ ត្រូវដើរតាមមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីអោយអ្នករាល់គ្នាមានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។