៦
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក
១ «នេះជាបទបញ្ជា គឺច្បាប់ និងវិន័យផ្សេងៗដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់អោយខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
២ ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយ ដើម្បីអោយអ្នកមានអាយុយឺនយូរ។
៣ អ៊ីស្រាអែលអើយ ចូរស្ដាប់ក្រឹត្យវិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីអោយអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
៤ អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។
៥ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អោយអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។
៦ ត្រូវទុកអោយព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។
៧ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយអោយវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។
៨ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។
៩ ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
កុំបំភ្លេចព្រះជាម្ចាស់ឡើយ
១០ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់អោយអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់
១១ ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្ដូងស្រាប់ គឺអណ្ដូងដែលអ្នកពុំបានជីក ហើយមានចំការទំពាំងបាយជូរ និងចំការអូលីវដែលអ្នកពុំបានដាំ។
១២ ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
១៣ ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបំរើព្រះអង្គ និងពោលពាក្យស្បថក្នុងព្រះនាមព្រះអង្គតែមួយប៉ុណ្ណោះ។
១៤ មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ
១៥ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ទ្រង់មិនសព្វព្រះហឫទ័យអោយអ្នកជំពាក់ចិត្តជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។
១៦ មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។
១៧ ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់អោយបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងច្បាប់ ដែលព្រះអង្គបានបង្គាប់។
១៨ ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីអោយអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក
១៩ ដោយបណ្ដេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក។
២០ នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន ច្បាប់ និងវិន័យទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើង បានបង្គាប់មកយើងនេះ មានន័យដូចម្ដេច?
២១ អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបំរើរបស់ព្រះចៅផារ៉ោននៅស្រុកអេស៊ីប ហើយព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
២២ ព្រះអម្ចាស់បានសំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសំបើមអស្ចារ្យ អោយយើងឃើញ ដើម្បីកំទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។
២៣ ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកអោយយើង។
២៤ ព្រះអម្ចាស់បានបញ្ជាអោយយើងប្រតិបត្តិតាមច្បាប់ទាំងនេះ ព្រមទាំងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីអោយយើងមានសុភមង្គលជារៀងរាល់ថ្ងៃ និងអោយព្រះអង្គថែរក្សាអាយុជីវិតរបស់យើង ដូចព្រះអង្គថែរក្សានៅថ្ងៃនេះ។
២៥ យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចព្រះអង្គបានបង្គាប់មក ដើម្បីអោយយើងបានសុចរិត ហើយគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង»។