៥
ត្រូវចេះប្រមាណពាក្យសំដីនៅពេលអធិស្ឋាន
១ ពេលណាអ្នកទៅព្រះដំណាក់របស់ព្រះជាម្ចាស់ ត្រូវពិចារណាអោយបានល្អិតល្អន់។ ត្រូវចូលទៅជិតព្រះអង្គ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញបូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
២ កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងព្រះជាម្ចាស់លឿនពេកដែរ ដ្បិតព្រះជាម្ចាស់គង់នៅស្ថានបរមសុខ រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។
៣ ការខ្វល់ខ្វាយច្រើនបណ្ដាលអោយយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលអោយខុសច្រើនដែរ។
៤ ពេលណាអ្នកបន់ព្រះជាម្ចាស់អំពីរឿងអ្វីមួយ ត្រូវសំរេចតាមពាក្យដែលអ្នកបន់អោយបានរួសរាន់ ដ្បិតព្រះអង្គមិនអធ្យាស្រ័យអោយមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានបន់។
៥ បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។
៦ កុំបណ្ដោយអោយមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលអោយមានទោស ហើយដោះសាជាមួយបូជាចារ្យ* ថាអ្នកបានបន់ដោយច្រឡំឡើយ។ ធ្វើដូច្នេះព្រះជាម្ចាស់ទ្រង់ព្រះពិរោធព្រោះតែពាក្យសំដីរបស់អ្នក ហើយព្រះអង្គរំលាយកិច្ចការដែលអ្នកបានធ្វើ។
៧ ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសំដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះចូរគោរពកោតខ្លាចព្រះជាម្ចាស់។
ការប្រើអំណាចជិះជាន់អ្នកទន់ខ្សោយ
៨ ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។
៩ ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចំការដែរ។
ទ្រព្យសម្បត្តិពុំអាចទុកអោយគង់បានទេ
១០ អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។
១១ ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួនក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។
១២ អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។
១៣ ខ្ញុំសង្កេតឃើញការមួយទៀតគួរអោយបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសំរាប់អោយខ្លួនឯងវេទនា។
១៤ អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមកនោះគ្មានអ្វីទុកអោយកូនឡើយ។
១៥ អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។
១៦ ត្រង់នេះគឺជាការមួយទៀតគួរអោយបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។
១៧ មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។
១៨ ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលព្រះជាម្ចាស់ប្រទានអោយមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលព្រះជាម្ចាស់ប្រទានអោយ។
១៩ អ្នកណាដែលព្រះជាម្ចាស់ប្រទានអោយមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានអោយមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់ព្រះជាម្ចាស់។
២០ ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានអោយចិត្តគេមានអំណរសប្បាយ។