៦
១ ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។
២ ព្រះជាម្ចាស់ប្រទានអោយមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកអោយគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។
៣ ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថាកូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។
៤ កូនរលូតនោះកកើតមកដោយឥតបានការ ហើយបាត់សូន្យទៅវិញក្នុងទីងងឹតគ្មាននរណានឹកនាដល់វាទេ។
៥ វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។
៦ ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្ដី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។
៧ កិច្ចការទាំងប៉ុន្មាន ដែលមនុស្សខំប្រឹងប្រែងធ្វើ បានត្រឹមតែចំអែតក្រពះប៉ុណ្ណោះ តែពុំអាចធ្វើអោយគេស្កប់ចិត្តឡើយ។
៨ តើមនុស្សមានប្រាជ្ញាទទួលបានអ្វីលើសមនុស្សលេលា? រីឯអ្នកក្រដែលខំតស៊ូក្នុងជីវិតនោះ តើបានប្រយោជន៍អ្វីដែរ?
៩ អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែកនោះប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
យោបល់របស់ប្រាជ្ញា
១០ អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ា នឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។
១១ យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសំដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីបានឡើយ។
១២ ជីវិតរបស់មនុស្សប្រៀបបាននឹងស្រមោល។ គ្មាននរណាអាចដឹងថា ខ្លួនត្រូវធ្វើការអ្វីដែលប្រសើរជាងគេ នៅពេលដែលខ្លួនរស់នៅក្នុងជីវិតដ៏ខ្លី ហើយឥតន័យនេះឡើយ។ គ្មាននរណាអាចថ្លែងប្រាប់មនុស្សអំពីហេតុការណ៍ដែលកើតមាននៅលើផែនដី ក្រោយពេលគេស្លាប់ផុតទៅហើយនោះដែរ។