៣០
ព្រះអម្ចាស់​ដាក់​ទោស​ស្រុក​អេស៊ីប
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់! ៣ ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះអម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជាជាតិ​នានា​វាយ​ប្រហារ​គ្នា។ ៤ សង្គ្រាម​នឹង​មក​ដល់​ស្រុក​អេស៊ីប ទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ស្រុក​អេត្យូពី។ ជន​ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កំទេច​ស្រុក​នេះ​ផង។ ៥ អ្នក​ស្រុក​អេត្យូពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជាជន​របស់​យើង​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ដែរ»។
៦  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ពួក​អ្នក​ដែល​គាំទ្រ​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស ហើយ​អំណាច​អួតអាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៧ ស្រុក​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិនហោច​លើស​ក្រុង​ឯ​ទៀតៗ​ដែរ។ ៨ ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កំទេច​បក្សសម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ៩ នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប​យើង​នឹង​ចាត់​មនុស្ស​អោយ​ធ្វើ​ដំណើរ​តាម​សំពៅ​នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខសាន្ត ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។
១០  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​អោយ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។ ១១ យើង​នឹង​នាំ​ស្ដេច​នេប៊ូក្នេសា និង​កងទ័ព​បាប៊ីឡូន​ដ៏​សាហាវ​បំផុត មក​កំទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជាជន ទុក​សាកសព​នៅ​ពាសពេញ​ក្នុង​ស្រុក។ ១២ យើង​នឹង​ធ្វើ​អោយ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជា​ព្រះអម្ចាស់»។
១៣  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​កំទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែងក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​អោយ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។ ១៤ យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កំទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។ ១៥ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជាជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។ ១៦ យើង​នឹង​ដុត​ស្រុក​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោមព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។ ១៧ ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែសែត ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១៨ ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួតអាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាហាពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់អួ​គ្រប​ដណ្ដប់​ពាសពេញ​ក្រុង ហើយ​ប្រជាជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ១៩ យើង​នឹង​ធ្វើ​ទោស​ស្រុក​អេស៊ីប ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។
២០ នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំពីរ ក្នុង​ខែ​ទី​មួយ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖
២១ «កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ​​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​អោយ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​អោយ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។ ២២ ហេតុ​នេះ​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្ដេច​នេះ គឺ​ទាំង​ដៃ​ល្អ​ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជំរុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។ ២៣ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា។ ២៤ យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​អោយ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ីឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។ ២៥ យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្ដេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ២៦ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។