៣១
ប្រស្នា​អំពី​ដើម​តាត្រៅ​ដែល​គេ​កាប់
១ នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​របស់​គេ​ថា:
តើ​ភាព​រុងរឿង​របស់​អ្នក​ប្រៀប​បាន​នឹង​អ្វី?
៣ អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់
ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។
ដើម​តាត្រៅ​នោះ​លូត​ឡើង
ចុង​វា​ខ្ពស់​កប់​ពពក។
៤ ទឹក​ទន្លេ​ធ្វើ​អោយ​វា​ដុះ​ធំ​ឡើង
ទឹក​នៅ​ទី​ជំរៅ​ធ្វើ​អោយ​វា​លូត​ឡើង​យ៉ាង​ខ្ពស់
ហើយ​ហូរ​ជុំវិញ​ដើម​នោះ
រួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រព
ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។
៥ ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់
លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ
បែក​មែក​សាខា ហើយ​លាត​សន្ធឹង
ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។
៦ បក្សាបក្សី​នាំ​គ្នា​មក​ធ្វើ​សំបុក
នៅ​តាម​មែក​របស់​វា
រីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វា
ហើយ​ប្រជាជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោម
ម្លប់​របស់​វា​ដែរ។
៧ ដើម​តាត្រៅ​នោះ​ល្អ​ណាស់
ព្រោះ​វា​ខ្ពស់​មាន​មែក​លាត​សន្ធឹង​យ៉ាង​វែង
ហើយ​ឫស​របស់​វា​ចាក់​ទៅ​រក​កន្លែង​សម្បូណ៌​ទឹក។
៨ ដើម​តាត្រៅ​នៅ​ក្នុង​ឧទ្យាន​របស់​ព្រះជាម្ចាស់​
មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេ
រីឯ​ដើម​គគីរ ឬ​ដើម​កកោះ
ក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​បាន​ដែរ
គ្មាន​ដើម​ឈើ​ណា​ក្នុង​ឧទ្យាន​របស់​ព្រះជាម្ចាស់
ល្អ​ដូច​ដើម​តាត្រៅ​នេះ​ឡើយ។
៩ យើង​បាន​តុបតែង​វា​អោយ​មាន​មែក​ជា​ច្រើន
ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន
ដែល​ជា​ឧទ្យាន​របស់​ព្រះជាម្ចាស់
នាំ​គ្នា​ច្រណែន​នឹង​វា។
១០ យើង​ជា​ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កំពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។ ១១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជាជាតិ​ទាំងឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។ ១២ ជន​បរទេស​ដែល​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ បាន​កាប់​ដើម​ឈើ​នោះ​រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំងឡាយ​នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។ ១៣ សត្វ​ស្លាប​ទាំង​ប៉ុន្មាន នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។ ១៤ ធ្វើ​ដូច្នេះ កុំ​អោយ​ដើម​ឈើ​ដែល​សម្បូណ៌​ទឹក​ដុះ​ខ្ពស់​កប់​ពពក​ឡើយ ហើយ​កុំ​អោយ​ដើម​ឈើ​ណា​អួតអាង​ថា ខ្លួន​ខ្ពស់​ជាង​គេ​ដែរ។ ដើម​ឈើ​ទាំងឡាយ​មិន​ខុស​ពី​មនុស្ស​ទេ វា​នឹង​ត្រូវ​ស្លាប់​ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ»។
១៥  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​អោយ​ធម្មជាតិ​កាន់​ទុក្ខ។ ព្រោះ​តែ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​ទន្លេ រីឯ​ទឹក​សមុទ្រ​ក៏​លែង​កំរើក​ទៀត​ដែរ។ យើង​បាន​ធ្វើ​អោយ​មាន​ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ភ្នំ​លីបង់ និង​ធ្វើ​អោយ​ព្រៃ​ឈើ​ទាំង​ប៉ុន្មាន​ស្ងួត​ហួតហែង​អស់។ ១៦ យើង​បាន​ធ្វើ​អោយ​ប្រជាជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់​នាំ​គ្នា​សប្បាយ​ចិត្ត។ ១៧ ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្សសម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។
១៨ ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ក៏​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់