៤០
ការដំឡើងព្រះពន្លា
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
២ «នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។
៣ ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។
៤ ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំអោយបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។
៥ ចូរដាក់អាសនៈមាស សំរាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលព្រះពន្លា។
៦ ចូរដាក់អាសនៈសំរាប់ថ្វាយតង្វាយដុត នៅខាងមុខទ្វារព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។
៧ ចូរដាក់អាងសំរាប់ពិធីជំរះកាយ នៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។
៨ ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
៩ ចូរយកប្រេងសំរាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើព្រះពន្លា និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះព្រះពន្លានឹងទៅជាសក្ការៈ។
១០ ចូរធ្វើពិធីលាបប្រេងលើអាសនៈថ្វាយតង្វាយដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។
១១ ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។
១២ ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកអោយពួកគេ។
១៣ ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់អោយអើរ៉ុន ហើយចាក់ប្រេងញែកគាត់អោយបានវិសុទ្ធ ដើម្បីអោយគាត់បំពេញមុខងារជាបូជាចារ្យ*បំរើយើង។
១៤ ចូរនាំកូនប្រុសរបស់អើរ៉ុនចូលមក ចូរយកអាវវែងពាក់អោយពួកគេ
១៥ ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីអោយពួកគេបំពេញមុខងារជាបូជាចារ្យបំរើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។
១៦ លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ ដែលព្រះអម្ចាស់បានបង្គាប់លោក។
១៧ ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លា នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
១៨ លោកម៉ូសេអោយគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។
១៩ គេលាតក្រណាត់បាំងព្រះពន្លា ដាក់ក្រណាត់គ្របពីលើ ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
២០ លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគំរបមកគ្របលើហិបនោះ។
២១ គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២២ គេដាក់តុសក្ការៈក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងជើងព្រះពន្លា និងនៅពីមុខវាំងនន
២៣ គេរៀបចំនំបុ័ងសំរាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៤ គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ
២៥ គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៦ គេដាក់អាសនៈមាសក្នុងពន្លាជួបព្រះអម្ចាស់ ពីមុខវាំងនន។
២៧ គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២៨ គេចងវាំងនននៅមាត់ទ្វារចូលព្រះពន្លា។
២៩ គេដាក់អាសនៈសំរាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
៣០ គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសំរាប់ធ្វើពិធីជំរះកាយ។
៣១ លោកម៉ូសេ លោកអើរ៉ុន និងកូនប្រុសរបស់លោក ប្រើទឹកក្នុងអាងនេះ សំរាប់ពិធីលាងដៃ និងលាងជើង។
៣២ ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជំរះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
៣៣ នៅទីបញ្ចប់ លោកម៉ូសេអោយគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
សិរីរុងរឿងរបស់ព្រះអម្ចាស់
៣៤ ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
៣៥ លោកម៉ូសេពុំអាចចូលទៅក្នុងពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
៣៦ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។
៣៧ ប្រសិនបើពពកមិនអណ្ដែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្ដែតឡើង។
៣៨ គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។