លេវីវិន័យ
ក្បួន​តម្រា​ស្ដី​អំពី​យញ្ញបូជា​ផ្សេង​ៗ
តង្វាយ​ដុត​ទាំង​មូល
១  ព្រះអម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ ២ «ចូរ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ:
ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចង់​យក​តង្វាយ​មក​ថ្វាយ​ព្រះអម្ចាស់ គេ​អាច​ថ្វាយ​គោ ឬ​ចៀម​ជា​តង្វាយ​បាន។ ៣ ប្រសិន​បើ​តង្វាយ​នោះ​ជា​គោ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​ទូល​សូម​ព្រះអង្គ​ទទួល​យក។ ៤ ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះអម្ចាស់​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​អោយ​រួច​ពី​បាប។ ៥ គេ​ចាក់​ក​គោ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ពួក​បូជាចារ្យ*​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​គោ​ថ្វាយ​ព្រះអម្ចាស់ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ៦ គេ​ត្រូវ​ពន្លាត់​ស្បែក​គោ​នោះ ហើយ​កាប់​សាច់​ជា​ដុំ​ៗ។ ៧ ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ រួច​បង្គរ​អុស​ពី​លើ ៨ ព្រម​ទាំង​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ ៩ គេ​ត្រូវ​យក​ទឹក​លាង​ពោះវៀន និង​ជើង​គោ រួច​បូជាចារ្យ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់
១០ ប្រសិន​បើ​តង្វាយ​នោះ​ជា​ចៀម ឬ​ពពែ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។ ១១ គេ​ត្រូវ​ចាក់​ក​សត្វ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ ១២ គេ​កាប់​សាច់​ជា​ដុំ​ៗ ហើយ​បូជាចារ្យ​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ ១៣ គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះវៀន និង​ជើង​សត្វ ហើយ​បូជាចារ្យ​ថ្វាយ​អ្វី​ៗ​ទាំង​អស់​ទៅ​ព្រះអម្ចាស់ រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់
១៤ ប្រសិន​បើ​តង្វាយ​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះអម្ចាស់ គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ថ្វាយ។ ១៥ បូជាចារ្យ​យក​សត្វ​នោះ​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ គាត់​ត្រូវ​កាត់​ក្បាល​វា​ចេញ រួច​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក គាត់​ត្រូវ​សំរក់​ឈាម​សត្វ​នោះ នៅ​លើ​គែម​របស់​អាសនៈ។ ១៦ គាត់​ត្រូវ​យក​គែ​វា​ចេញ ព្រម​ទាំង​បោច​រោម​វា ហើយ​បោះ​ចោល​នៅ​ខាង​កើត​អាសនៈ ត្រង់​កន្លែង​ដាក់​ផេះ។ ១៧ គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្ដាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​បូជាចារ្យ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់»។