៥
១ ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ
២ ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
៣ ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសំរាលកូនដែរ។
៤ រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយអោយថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។
៥ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។
៦ ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។
៧ អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។
៨ រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក
៩ ដ្បិតព្រះជាម្ចាស់មិនបានតំរូវអោយយើងទទួលទោសឡើយ គឺព្រះអង្គអោយយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង
១០ បានសោយទិវង្គតសំរាប់យើង ដើម្បីអោយយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
១១ ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
ពាក្យដាស់តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ
១២ បងប្អូនអើយ យើងសូមអង្វរបងប្អូនអោយចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។
១៣ ត្រូវលើកតម្លៃបងប្អូនទាំងនោះអោយបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅអោយបានសុខជាមួយគ្នា។
១៤ បងប្អូនអើយ យើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ត ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្តអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
១៥ ចូរប្រយ័ត្ន កុំអោយនរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
១៦ ចូរមានអំណរសប្បាយជានិច្ច
១៧ ចូរអធិស្ឋានឥតឈប់ឈរ
១៨ ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យអោយបងប្អូន ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូធ្វើដូច្នេះឯង។
១៩ កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ
២០ កុំមើលងាយការថ្លែងព្រះបន្ទូល
២១ ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។
២២ ត្រូវចៀសចេញអោយផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
២៣ សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនអោយបានវិសុទ្ធ*ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយអោយបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងយាងមក។
២៤ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសំរេចការនេះជាពុំខាន។
២៥ បងប្អូនអើយ សូមអធិស្ឋាន*អោយយើងផង។
២៦ សូមជំរាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
២៧ ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះ អោយបងប្អូនទាំងអស់គ្នាស្ដាប់ផង។
២៨ សូមអោយបងប្អូនប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។