លិខិតទីពីររបស់លោកប៉ូលផ្ញើជូន
គ្រិស្ដបរិស័ទនៅក្រុងថេស្សាឡូនិក
១
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជំរាបមកក្រុមជំនុំ*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និងរួមជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ*។
២ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
ជីវិត និងជំនឿរបស់គ្រិស្ដបរិស័ទនៅក្រុងថេស្សាឡូនិក
៣ បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
៤ ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំនុំ*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។
៥ ហេតុការណ៍នេះ សអោយឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើអោយបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។
៦ ព្រះជាម្ចាស់នឹងសំរេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនា យកមកសងពួកអ្នកដែលធ្វើអោយបងប្អូនវេទនា
៧ ហើយព្រះអង្គនឹងប្រទានអោយបងប្អូនដែលរងទុក្ខវេទនា បានសំរាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធានុភាព។
៨ ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ* របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
៩ ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភក្ត្រព្រះអម្ចាស់ និងឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។
១០ នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ*នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
១១ ហេតុនេះហើយបានជាយើងចេះតែអធិស្ឋានអោយបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើង ប្រទានអោយបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅ របស់ព្រះអង្គ។ សូមព្រះអង្គប្រទានអោយបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងអោយជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។
១២ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដដែរ។