២
ព្រឹត្តិការណ៍ដែលនឹងកើតមាន មុនព្រះយេស៊ូយាងមក
១ បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា
២ កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺអោយគេដឹង ឬថាមានពាក្យសំដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។
៣ កុំអោយនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
៤ មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថា ជាព្រះជាម្ចាស់ថែមទៀតផង។
៥ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ?
៦ ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។
៧ គំរោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ
៨ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គរួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។
៩ រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។
១០ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។
១១ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើអោយគេវង្វេង និងអោយគេជឿលើពាក្យភូតភរ
១២ ដើម្បីអោយពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
ជីវិតខ្ជាប់ខ្ជួនក្នុងជំនឿ
១៣ ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន អោយទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
១៤ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីអោយបងប្អូនទទួលការសង្គ្រោះនេះ គឺអោយមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។
១៥ ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី។
១៦ ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណ ហើយប្រទានអោយយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្ដផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា
១៧ សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានអោយបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសំដីល្អដែលបងប្អូននិយាយ។