២
ព្រះវិហារថ្មី
១ នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖
២ «ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយេសួរជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
៣ ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់
តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង
កាលពីជំនាន់មុន?
ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី
មានភាពដូចម្ដេចដែរ?
អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ
មិនល្អទាល់តែសោះ!
៤ ឥឡូវនេះ សូរ៉ូបាបិលអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
មហាបូជាចារ្យយេសួរ
ជាកូនរបស់លោកយ៉ូសាដាកអើយ
ចូរមានចិត្តក្លាហានឡើង!
ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរនាំគ្នាធ្វើការទៅ
ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៥ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ
អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល
អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប
ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«បន្តិចទៀត យើងនឹងធ្វើអោយ
ផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
៧ យើងនឹងធ្វើអោយប្រជាជាតិនានាកក្រើក។
ទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រជាជាតិទាំងអស់
នឹងហូរចូលមកក្នុងដំណាក់របស់យើង
ហើយយើងនឹងធ្វើអោយដំណាក់នេះ
បានថ្កុំថ្កើងរុងរឿង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៨ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៩ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង
ជាងសិរីរុងរឿងរបស់ដំណាក់
កាលពីជំនាន់មុនទៅទៀត។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
នៅកន្លែងនេះយើងនឹងផ្ដល់អោយអ្នករាល់គ្នា
បានប្រកបដោយសេចក្ដីសុខសាន្ត»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
ប្រជាជននៅមិនទាន់បានបរិសុទ្ធ
១០ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ:
១១ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ:
១២ “ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។
១៣ លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មងព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
១៤ លោកហាកាយក៏មានប្រសាសន៍ថា៖
ប្រជាជននេះក៏ដូច្នោះដែរ
យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង
ហើយអ្វីៗដែលពួកគេធ្វើ
និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ
ក៏សៅហ្មងដែរ។
១៥ ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍
ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។
មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា
ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
១៦ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង
នោះឃើញមានតែដប់ថាំងទេ។
អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ
ដើម្បីដួសយកស្រាហាសិបធុង
នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
១៧ យើងបានធ្វើអោយដំណាំរបស់អ្នករាល់គ្នា
ខូចខាត ស្រូវអ្នករាល់គ្នាស្កក
មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក
យើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ហេតុនេះចូរសង្កេតមើលហេតុការណ៍ដែល
កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។
ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន
គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់
ព្រះវិហាររបស់ព្រះអម្ចាស់។
ចូរសង្កេតមើលចុះ!
១៩ នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ
សូម្បីតែចំការទំពាំងបាយជូរ
ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ
ក៏មិនផ្ដល់ភោគផលអ្វីដែរ។
ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ
យើងនឹងអោយពរ
អ្នករាល់គ្នាបានចំរុងចំរើន។
ព្រះបន្ទូលសន្យាចំពោះលោកសូរ៉ូបាបិល
២០ នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
២១ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់
អាណាខេត្តយូដាថា:
យើងនឹងធ្វើអោយផ្ទៃមេឃ និងផែនដីកក្រើក
២២ យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ
យើងនឹងកំទេចកម្លាំងរបស់ប្រជាជាតិនានា។
យើងនឹងរំលំរទេះចំបាំង
ព្រមទាំងអស់អ្នកដែលបររទេះនោះ។
យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ
បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
២៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ
អ្នកជាអ្នកបំរើរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
នៅថ្ងៃនោះយើងនឹងតែងតាំងអ្នកអោយ
ធ្វើជាត្រារបស់យើងផ្ទាល់
ព្រោះយើងបានជ្រើសរើសអ្នកហើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។