(ព្យាការី​សាការី)
សាការី
ព្រះអម្ចាស់​ត្រាស់​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​វិល​មក​រក​ព្រះអង្គ​វិញ
១ នៅ​ខែ​ទី​ប្រាំ​បី​ក្នុង​ឆ្នាំ​ទី​ពីរ នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេគា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:
២  ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង។ ៣ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ៤ កុំ​ធ្វើ​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ប៉ុន្តែ ដូនតា​របស់​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៥ ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ព្យាការី​ក៏​មិន​នៅ​រស់​រហូត​ដែរ។ ៦ ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នក​បំរើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ព្រះអង្គ​បាន​សំរេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។
និមិត្តហេតុ​អស្ចារ្យ​អំពី​សេះ
៧ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​សាការី​ជា​កូន​របស់​លោក​បេរេគា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:
៨ នៅ​ពេល​យប់​ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក​មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។ ៩ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។ ១០ បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ព្រះអម្ចាស់ បាន​ចាត់​អោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។ ១១ អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះអម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្សម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខសាន្ត ឥត​មាន​កង្វល់»។
១២ ពេល​នោះ ទេវតា​របស់​ព្រះអម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​យេរូសាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះអង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ​ហើយ»។ ១៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​លើក​ទឹក​ចិត្ត និង​សំរាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។ ១៤ ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ:
ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូសាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់ ១៥ តែ​យើង​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជាជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវក្រោធ​នឹង​អ៊ីស្រាអែល​តែ​បន្តិច ប្រជាជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​សែន​វេទនា»។ ១៦ ហេតុ​នេះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូសាឡឹម​វិញ ដោយ​ចិត្ត​អាណិតអាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​ជួសជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១៧ ចូរ​ប្រកាស​ទៀត​ថា «ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរហៀរ​ឡើង​វិញ។ យើង​នឹង​សំរាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូសាឡឹម​ដូច​ពី​មុន»។
និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
១៨ ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។ ១៩ ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជាជាតិ​ដែល​បាន​កំចាត់កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រាអែល និង​អ្នក​ក្រុង​យេរូសាឡឹម»។
២០ បន្ទាប់​មក ព្រះអម្ចាស់​ប្រទាន​អោយ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។ ២១ ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះអង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក​ដើម្បី​បំភ័យ និង​កំទេច​ស្នែង​នៃ​ប្រជាជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កំចាត់កំចាយ​ប្រជាជន»។