២៨
អាថ៌កំបាំងនៃប្រាជ្ញា
១ មានអណ្ដូងរ៉ែសំរាប់ជីកយកប្រាក់
ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
២ គេយកដែកចេញពីដី
ហើយយកលង្ហិនចេញពីថ្ម។
៣ មនុស្សចុះរហូតទៅដល់ទីងងឹតជីករកថ្ម
ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
៤ គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ
មនុស្សដើរខាងលើក៏មិនដឹង
គេសំរូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ
ហើយយោលចុះយោលឡើងនៅទីនោះ
ឆ្ងាយពីស្រុកភូមិ។
៥ ដីតែងតែផ្ដល់អាហារដល់មនុស្ស
តែនៅខាងក្រោម
ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
៦ គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី
ហើយរកបានមាសក្នុងធូលីដី។
៧ សត្វត្មាតមិនស្គាល់ច្រកចូលទៅ
ក្នុងអណ្ដូងរ៉ែនោះទេ
ហើយសត្វរអាតក៏មើលមិនឃើញដែរ។
៨ សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ
សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
៩ មនុស្សជីកយកថ្មដ៏រឹង
ហើយរំលើងភ្នំរហូតដល់ឫសរបស់វា។
១០ គេចោះរូងនៅក្នុងថ្មដា
ហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
១១ គេទប់ប្រភពទឹកអោយរីងស្ងួត
ហើយនាំយកអ្វីៗដែលលាក់កំបាំង
មកដាក់ក្រោមពន្លឺ។
១២ រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?
តើការយល់ដឹងស្ថិតនៅកន្លែងណា?
១៣ មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ
ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
១៤ ទីជំរៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”
មហាសមុទ្រពោលថា
“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
១៥ គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា
ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
១៦ គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ
កែវមរកត ពេជ្រ
ឬត្បូងកណ្ដៀងបានឡើយ។
១៧ គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ
ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ
ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
១៨ ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន
ហើយមានប្រាជ្ញាប្រសើរជាងមាន
កែវមុក្ដាទៅទៀត។
១៩ ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច
ទៅនឹងប្រាជ្ញា
ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង
ជាមួយមាសបានទេ។
២០ ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា
តើការយល់ដឹងស្ថិតនៅកន្លែងណា?
២១ មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ
រីឯសត្វដែលហើរនៅលើមេឃ
ក៏មិនអាចមើលឃើញដែរ។
២២ រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា
“យើងបានឮគេនិយាយពីប្រាជ្ញា”។
២៣ មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ
ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
២៤ ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ
ទីដាច់ស្រយាលនៃផែនដី
និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
២៥ ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់
និងទំហំរបស់សមុទ្រ
២៦ ពេលណាព្រះអង្គកំណត់ច្បាប់មួយ
សំរាប់ទឹកភ្លៀង
ព្រមទាំងកំណត់ផ្លូវសំរាប់ផ្លេកបន្ទោរ និងផ្គរ
រួចស្រេចហើយ
២៧ ព្រះអង្គក៏ទតឃើញប្រាជ្ញា
ព្រះអង្គលើកតម្លៃប្រាជ្ញានោះ
ព្រះអង្គតាំងប្រាជ្ញាឡើង
ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
២៨ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល
មកកាន់មនុស្សលោកថា:
“ការគោរពកោតខ្លាចព្រះជាម្ចាស់ ជាប្រាជ្ញា
ការងាកចេញពីអំពើអាក្រក់ ជាការយល់ដឹង”»។