១៣
ព្រះយេស៊ូ​លាង​ជើង​ពួក​សិស្ស
១ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះយេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះបិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ទ្រង់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ ២ ពេល​នោះ ព្រះយេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សាតាំង*​បាន​ធ្វើ​អោយ​យូដាស​អ៊ីស្ការីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។ ៣ ព្រះយេស៊ូ​ជ្រាប​ថា ព្រះបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះជាម្ចាស់​វិញ។ ៤ ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ ៥ បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ ៦ ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​អោយ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​អោយ​ទូលបង្គំ​សោះ!»។ ៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ​អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ ៨ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ»។ ៩ លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ ១០ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។
១២ កាល​ព្រះយេស៊ូ​លាង​ជើង​អោយ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀកពាក់​ឡើង​វិញ យាង​មក​តុ​ទាំង​មាន​ព្រះបន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? ១៣ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះគ្រូ និង​ព្រះអម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ ១៤ បើ​ខ្ញុំ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រូ​បាន​លាង​ជើង​អោយ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ១៥ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ ១៦ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បំរើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​អោយ​ទៅ​ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​អោយ​ទៅ​នោះ​ដែរ។ ១៧ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។ ១៨ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថាៈ “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ” ១៩ ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ឥឡូវ​នេះ អោយ​ហើយ​មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ព្រះជាម្ចាស់​មែន​។ ២០ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​អោយ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ»។
ព្រះយេស៊ូ​ប្រកាស​អំពី​យូដាស​ក្បត់​ព្រះអង្គ
(មថ.២៦:២០-២៥ មក.១៤:១៧-២១ លក.២២.២១-២៣)
២១ កាល ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះហឫទ័យ​ក្រៃលែង ទ្រង់​មាន​ព្រះបន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។
២២ ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​នរណា។ ២៣ សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។ ២៤ លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​អោយ​គាត់​សួរ​ព្រះយេស៊ូ​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​នរណា។ ២៥ សិស្ស​នោះ​ក៏​អោន​ទៅ​ជិត​ព្រះឱរា​ព្រះយេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​នរណា​មួយ?»។ ២៦ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំបុ័ង​មួយ​ដុំ​ហុច​ទៅ​អោយ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំបុ័ង​មួយ​ដុំ ហុច​ទៅ​អោយ​យូដាស​អ៊ីស្ការីយ៉ុត​ជា​កូន​របស់​លោក​ស៊ីម៉ូន។ ២៧ ពេល​យូដាស​ទទួល​ដុំ​នំបុ័ង​នោះ មារ​សាតាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​អោយ​ឆាប់ៗ​ទៅ!»។ ២៨ ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​ឡើយ។ ២៩ ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះយេស៊ូ​ប្រើ​គាត់​អោយ​ទៅ​ទិញ​របស់​របរ​សំរាប់​ពិធី​បុណ្យ ឬ​អោយ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។ ៣០ យូដាស​ទទួល​យក​ដុំ​នំបុ័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។
បទ​បញ្ជា​ថ្មី
៣១ លុះ​យូដាស​ចេញ​ផុត​ទៅ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សំដែង​សិរីរុងរឿង​ហើយ ហើយ​ព្រះជាម្ចាស់​ក៏​បាន​សំដែង​សិរីរុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។ ៣២ បើ​ព្រះជាម្ចាស់​បាន​សំដែង​សិរីរុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះអង្គ​ក៏​នឹង​សំដែង​សិរីរុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះអង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះអង្គ​នឹង​សំដែង​សិរីរុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
៣៣ ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន​ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​បាន​ឡើយ។ ៣៤ ខ្ញុំ​អោយ​បទ​បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ ៣៥ បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ មិន​ទទួល​ស្គាល់​ព្រះអង្គ
(មថ.២៦:៣១-៣៥ មក.១៤:២៧-៣១ យហ.២២.៣១-៣៤)
៣៦ លោក​ស៊ីម៉ូន​ពេត្រុស ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​បាន​ទេ ថ្ងៃ​ក្រោយ​ទើប​អ្នក​ទៅ​បាន»។ ៣៧ លោក​ពេត្រុស​ទូល​ព្រះអង្គ​ទៀត​ថា៖ «បពិត្រ​ព្រះអម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សំរាប់​ព្រះអង្គ»។ ៣៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សំរាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។