៣៥
លោកយេរេមា និងកូនចៅលោករេកាប
១ នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
២ «ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅព្រះដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាអោយពួកគេផឹក»។
៣ ខ្ញុំក៏ទៅបបួលលោកយ៉ាសានាជាកូនរបស់លោកយេរេមា និងជាចៅរបស់លោកហាបាស៊ីនា ព្រមទាំងបងប្អូន កូនចៅរបស់គាត់ និងអ្នកនៅក្នុងអំបូររេកាបទាំងមូល
៤ ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបំរើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។
៥ ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើនមកដាក់នៅមុខពួករេកាបទាំងពោលថា “សូមអញ្ជើញពិសា!”
៦ ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាមិនត្រូវផឹកស្រាជាដាច់ខាត។
៧ អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចំការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះអ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។
៨ ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។
៩ ពួកយើងមិនសង់ផ្ទះសំរាប់រស់នៅ ពួកយើងគ្មានចំការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។
១០ ពួកយើងរស់នៅតាមជំរំ គឺធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូណាដាប់ ជាបុព្វបុរសបានបង្គាប់។
១១ ពេលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនលើកទ័ពមកលុកលុយស្រុកនេះ ពួកយើងបានបបួលគ្នាមករស់នៅក្រុងយេរូសាឡឹម ដើម្បីរត់គេចពីកងទ័ពខាល់ដេ និងកងទ័ពស៊ីរី។ ហេតុនេះហើយបានជាពួកយើងរស់នៅក្នុងក្រុងយេរូសាឡឹម»។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
១៣ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនអោយផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំលឹកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។
១៥ យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបំរើរបស់យើង អោយមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់អោយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
១៦ ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។
១៧ ហេតុនេះព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «យើងនឹងធ្វើអោយទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេតែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។
១៨ បន្ទាប់មក លោកយេរេមាមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក
១៩ នោះនឹងមិនខ្វះពូជពង្សយ៉ូណាដាប់ ជាកូនរបស់រេកាប សំរាប់បំរើយើងឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។