៣៦
ស្ដេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា
១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀសស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
២ «ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នកស្ដីអំពីប្រជាជាតិអ៊ីស្រាអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នកនៅរជ្ជកាលស្ដេចយ៉ូសៀស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។
៣ ប្រហែលជាជនជាតិយូដាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយប្រហែលជាពួកគេនាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេអោយបានរួចពីបាប»។
៤ លោកយេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមាក៏ថ្លែងអោយលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។
៥ បន្ទាប់មក លោកយេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះបានឡើយ។
៦ នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់អោយអ្នកសរសេរក្នុងក្រាំងនេះ អោយប្រជាជនស្ដាប់។ ចូរអានអោយប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។
៧ ប្រហែលជាពួកគេនាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
៨ លោកបារូកជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មានដែលព្យាការីយេរេមាបង្គាប់ គឺគាត់ទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានសរសេរទុកនៅក្នុងក្រាំង។
៩ ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀសជាស្ដេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសអោយប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
១០ លោកបារូកអានសេចក្ដីដែលលោកយេរេមាបង្គាប់អោយគាត់សរសេរទុកនៅក្នុងក្រាំង អោយប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។
១១ កាលលោកមីកាជាកូនរបស់លោកកេម៉ារា និងជាចៅរបស់លោកសាផាន ឮព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលមានសរសេរក្នុងក្រាំងនោះ
១២ គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនហ្លួង លោកដេឡាយ៉ាជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថានជាកូនរបស់លោកអកបោរ លោកកេម៉ារាជាកូនរបស់លោកសាផាន និងលោកសេដេគាជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។
១៣ លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានអោយប្រជាជនស្ដាប់។
១៤ ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី អោយទៅជួបលោកបារូកប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានអោយប្រជាជនស្ដាប់នោះមក!»។ លោកបារូកជាកូនរបស់លោកនេរីយ៉ាក៏យកក្រាំងទៅជួបពួកមន្ត្រី។
១៥ ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានអោយយើងស្ដាប់!»។ លោកបារូកក៏អានអោយពួកលោកស្ដាប់។
១៦ ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាអោយបានជ្រាប»។
១៧ ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។
១៨ លោកបារូកតបថា៖ «លោកយេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
១៩ ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមាក៏ត្រូវពួនដែរ កុំអោយនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
២០ បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ាជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។
២១ ព្រះរាជាចាត់លោកយេហ៊ូឌីអោយទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ាជាស្មៀនហ្លួង ហើយអានអោយព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។
២២ ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សំរាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។
២៣ ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្រ្តៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
២៤ ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះតែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
២៥ លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរព្រះរាជាសូមកុំអោយដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។
២៦ ព្រះរាជាបង្គាប់ទៅសម្ដេចយេរ៉ាមែលជាបុត្រ និងលោកសេរ៉ាយ៉ាជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល អោយទៅចាប់ព្យាការីយេរេមា និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
២៧ ក្រោយពេលព្រះរាជាដុតក្រាំងដែលលោកយេរេមាបានបង្គាប់អោយលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
២៨ «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដាបានដុតចោលនោះ។
២៩ បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូន ពិតជាមកកំទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។
៣០ ហេតុនេះព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងយេហូយ៉ាគីមជាស្ដេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យេហូយ៉ាគីម ស្នងរាជ្យស្ដេចដាវីឌទេ។ សាកសពរបស់យេហូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។
៣១ យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើអោយទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។
៣២ លោកយេរេមាយកក្រាំងមួយទៀត ប្រគល់អោយលោកបារូកជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ លោកយេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដាបានដុតចោល អោយលោកបារូកសរសេរតាម។ លោកបន្ថែមសេចក្ដីជាច្រើនទៀតដែលមានន័យស្រដៀងគ្នាទៅក្នុងក្រាំងថ្មីនេះដែរ។