២១
ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធលេវី
១ មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល
២ នៅស៊ីឡូ ក្នុងស្រុកកាណានជំរាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសំរាប់អោយយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សំរាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។
៣ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកអោយពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
៤ គេបានចាប់ឆ្នោត សំរាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះកូនចៅរបស់បូជាចារ្យអើរ៉ុន ទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។
៥ កូនចៅឯទៀតៗរបស់កេហាត់ ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាលដែលនៅខាងលិច។
៦ កូនចៅរបស់លោកគើសុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។
៧ កូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
៨ ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញអោយពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។
៩ កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មានបានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ
១០ អោយកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។
១១ ពួកគេទទួលបានក្រុងគារយ៉ាត-អើបា ពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអើបា ជាបុព្វបុរសរបស់ជនជាតិអាណាក់។
១២ រីឯដីចំការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។
១៣ ពួកគេបានចែកក្រុងដូចតទៅនេះ អោយកូនចៅលោកបូជាចារ្យអើរ៉ុន សំរាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ
១៤ ក្រុងយ៉ាទៀរ និងវាលស្មៅនៅជុំវិញ ក្រុងអែសធេម៉ូរ និងវាលស្មៅនៅជុំវិញ
១៥ ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ
១៦ ក្រុងអាយីន និងវាលស្មៅនៅជុំវិញក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។
១៧ ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកលេវីទទួលបានក្រុងគីបៀន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ
១៨ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។
១៩ សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
២០ ពួកលេវី ក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុង ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។
២១ ពួកគេទទួលបានក្រុងសំរាប់ជាជំរកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
២២ ក្រុងគីបសែម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។
២៣ ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលថ្កេរ និងវាលស្មៅនៅជុំវិញ ក្រុងគីបថោន និងវាលស្មៅនៅជុំវិញ
២៤ ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
២៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។
២៦ សរុបមកអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានដប់ក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។
២៧ ពួកលេវី ជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលដែលនៅខាងកើត សំរាប់ជាជំរកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
២៨ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ
២៩ ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
៣០ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ គេទទួលបានក្រុងមីសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ
៣១ ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
៣២ ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសំរាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាម៉ាត-ដោរ និងវាលស្មៅនៅជុំវិញ ក្រុងការថាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។
៣៣ សរុបទាំងអស់ ពួកលេវី ជាកូនចៅរបស់លោកគើសុន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។
៣៤ ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកម៉្រារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន: ក្រុងយ៉ុកនាម និងវាលស្មៅនៅជុំវិញ ក្រុងការថា និងវាលស្មៅនៅជុំវិញ
៣៥ ក្រុងឌីម-ណា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងណា-ហាឡាល់ និងវាលស្មៅនៅជុំវិញគឺមានទាំងអស់ក្រុងបួន។
៣៦ ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេន ដែលនៅត្រើយខាងកើតទន្លេយ័រដាន់គេបានទទួលក្រុងបេសស៊ើរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ
៣៧ ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងមេផ្អាត និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
៣៨ ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសំរាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
៣៩ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។
៤០ សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរដោយការចាប់ឆ្នោត។
៤១ រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានសែសិបប្រាំបីក្រុងព្រមទាំងវាលស្មៅនៅជុំវិញ។
៤២ ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។
៤៣ ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលអោយជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានអោយបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅ នៅទីនោះ។
៤៤ ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត នៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។
៤៥ ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសំរេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។