ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស្វេ
២២
កុលសម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ ទៅកាន់ទឹកដីរបស់គេវិញ
១ ពេលនោះ លោកយ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលដែលមកពីខាងកើត។
២ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសំដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។
៣ អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
៤ ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានអោយបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់បានចែកអោយអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
៥ ប៉ុន្តែ ចូរប្រុងប្រយ័ត្នអោយមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់ បានប្រគល់អោយ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបំរើព្រះអង្គអោយអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។
៦ លោកយ៉ូស្វេបានអោយពរ និងប្រាប់ពួកគេអោយចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។
៧ លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ អោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក អោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេអោយវិលត្រឡប់ទៅជំរំវិញ ទាំងអោយពរពួកគេផង។
៨ លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ អោយបងប្អូនរបស់អ្នករាល់គ្នាផង»។
កុលសម្ព័ន្ធខាងកើតសង់អាសនៈមួយក្បែរទន្លេយ័រដាន់
៩ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
១០ កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។
១១ ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។
១២ កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្ដុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។
១៣ ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ
១៤ ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។
១៥ ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖
១៦ «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសំរាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?
១៧ នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើអោយយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ?
១៨ ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។
១៩ បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សំរាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
២០ កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ទ្រង់ព្រះពិរោធ កំហុសរបស់គាត់ពុំបានធ្វើអោយគាត់វិនាសតែម្នាក់ឯងទេ»។
២១ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖
២២ «ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំអោយព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។
២៣ ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ!
២៤ តាមពិតមិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល?
២៥ ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្ដាលអោយកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។
២៦ ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីសំរាប់ថ្វាយតង្វាយដុតទាំងមូល ឬសំរាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ
២៧ ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបំរើព្រះអម្ចាស់ដោយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់”បានឡើយ។
២៨ យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។
២៩ យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះដោយសង់អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេងក្រៅពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។
៣០ ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។
៣១ លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថាព្រះអម្ចាស់ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើអោយប្រជាជនអ៊ីស្រាអែលទទួលទោសពីព្រះអម្ចាស់ឡើយ»។
៣២ បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។
៣៣ ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
៣៤ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។