១ កាល​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះអម្ចាស់​ធ្វើ​អោយ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។
ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ពិធី​កាត់​ស្បែក​នៅ​គីលកាល់
២ នៅ​គ្រា​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​អ្នក​យក​ថ្ម​មក​ដាប់​ធ្វើ​ជា​កាំបិត រួច​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី​ម្ដង​ទៀត»។ ៣ លោក​យ៉ូស្វេ​ក៏​យក​ថ្ម​មក​ធ្វើ​ជា​កាំបិត ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​លើ​ភ្នំ​ហារ៉ាឡុត​។ ៤ រីឯ​មូល​ហេតុ​ដែល​នាំ​អោយ​លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជាជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចំបាំង​បាន​ស្លាប់​តាម​វាល​រហោស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។ ៥ អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ៦ ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចំបាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះអម្ចាស់​ទេ ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់អហង្ការ​ថា មិន​អោយ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស​ថា​នឹង​ប្រទាន​មក​អោយ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​។
៧  ព្រះអម្ចាស់​បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​អោយ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ​ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ។ ៨ កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ប្រជាជាតិ​ទាំង​មូល​ហើយ ពួក​គេ​ក៏​នៅ​ក្នុង​ជំរំ រហូត​ដល់​ជា​សះស្បើយ​ទាំង​អស់​គ្នា។ ៩ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក​ សេចក្ដី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្ដី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីលកាល់” រហូត​ដល់​សព្វ​ថ្ងៃ។
បុណ្យ​ចម្លង​ដំបូង​បង្អស់​នៅ​ស្រុក​កាណាន
១០ ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​គីលកាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចម្លង* នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។ ១១ ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគផល​របស់​ស្រុក​នោះ។ ១២ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បរិភោគ​ភោគផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បរិភោគ​ភោគផល​នៃ​ស្រុក​កាណាន។
មេទ័ព​របស់​ព្រះអម្ចាស់
១៣ ពេល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។ ១៤ បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេទ័ព​របស់​ព្រះអម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។ ១៥ មេទ័ព​របស់​ព្រះអម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។