ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​ក្រុង​យេរីខូ
១ ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល។ ២  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ៣ អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់​ត្រូវ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង អោយ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ៤ ត្រូវ​អោយ​បូជាចារ្យ ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​សំរាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ រួច​អោយ​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង​ចៀម។ ៥ ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង​ប្រជាជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជាជន​ត្រូវ​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។
៦ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជាចារ្យ​មក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​អោយ​បូជាចារ្យ​ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំពីរ ដើរ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់»។ ៧ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង ហើយ​អោយ​ពល​ទាហាន​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​ហិប​របស់​ព្រះអម្ចាស់»។ ៨ ប្រជាជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជាចារ្យ​ប្រាំពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំពីរ ដើរ​នៅ​ខាង​មុខ​ព្រះអម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​ដើរ​តាម​ក្រោយ។ ៩ ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​បូជាចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។ ១០ លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជាជន​ថា៖ «កុំ​ស្រែក​ជយឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ស្រែក នោះ​សឹម​ស្រែក»។ ១១ លោក​អោយ​គេ​សែង​ហិប​របស់​ព្រះអម្ចាស់​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជាជន​វិល​ចូល​ជំរំ​វិញ ហើយ​សំរាក​ពេល​យប់ នៅ​ទី​នោះ​ទៅ។
១២ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជាចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះអម្ចាស់​សា​ជា​ថ្មី។ ១៣ បូជាចារ្យ​ទាំង​ប្រាំពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម ដើរ​ខាង​មុខ​ហិប​ព្រះអម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ព្រះអម្ចាស់​ដែរ ពួក​គេ​ដើរ​ទៅ​មុខ តាម​សំឡេង​ស្នែង។ ១៤ នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ ១៥ នៅ​ថ្ងៃ​ទី​ប្រាំពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ចំនួន​ប្រាំពីរ​ជុំ។ ១៦ នៅ​ជុំ​ទី​ប្រាំពីរ ពេល​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជាជន​ថា៖ «ចូរ​ស្រែក​ជយឃោស​ឡើង! ដ្បិត​ព្រះអម្ចាស់​បាន​ប្រគល់​ទីក្រុង​អោយ​អ្នក​រាល់​គ្នា​ហើយ។ ១៧ ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​អោយ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើបការណ៍ ដែល​យើង​ចាត់​អោយ​មក។ ១៨ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​អោយ​មហន្តរាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រាអែល​មិន​ខាន។ ១៩ រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះអម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។
២០ ប្រជាជន​ស្រែក​ជយឃោស ហើយ​ក្រុម​បូជាចារ្យ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជាជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជាជន​សំរុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្ដើម​យក​ទីក្រុង។ ២១ ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា​ដោយ​មុខ​ដាវ។
លោក​យ៉ូស្វេ​ទុក​ជីវិត​នាង​រ៉ាហាប
២២ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើបការណ៍ នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។ ២៣ យុវបុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើបការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បង​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិសន្ដាន​ទាំង​អស់​របស់​នាង​អោយ​ចេញ​មក​អោយ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់​ក្បែរ​ជំរំ​អ៊ីស្រាអែល។ ២៤ ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើកលែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ២៥ លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​អោយ​មក​ស៊ើបការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ដល់​សព្វ​ថ្ងៃ។
២៦ នៅ​គ្រា​នោះ លោក​យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពីព្រះអម្ចាស់! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់​ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។
២៧  ព្រះអម្ចាស់​គង់​ជា​មួយ​លោក​យ៉ូស្វេ ហើយ​លោក​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។