១៦
ព្រះបាទអហាសសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៨:១-២៧)
១ នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាសជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
២ កាលព្រះបាទអហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ
៣ ប៉ុន្តែ ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានានៅស្រុកអ៊ីស្រាអែល គឺស្ដេចហ៊ានរហូតដល់យកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
៤ ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
៥ ពេលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលា ស្ដេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធព្រះបាទអហាស តែមិនអាចយកជ័យជំនះបានទេ។
៦ នៅគ្រាដដែលនោះ ព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី ដណ្ដើមយកក្រុងអេឡាតបានវិញ រួចបណ្ដេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាតរហូតដល់សព្វថ្ងៃ។
៧ ព្រះបាទអហាសចាត់អ្នកនាំសារអោយទៅទូលព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបំរើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ អោយរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី និងស្ដេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។
៨ ព្រះបាទអហាសយកមាស ប្រាក់ ដែលមានក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរាជ្យទ្រព្យ ផ្ញើទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
៩ ស្ដេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអហាស។ ស្ដេចយាងទៅវាយក្រុងដាម៉ាសដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។
១០ ព្រះបាទអហាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្ដេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្ដេចក៏ផ្ញើគំរូ និងគំរោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរីយ៉ា។
១១ លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
១២ កាលស្ដេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ទ្រង់ក៏យាងឡើងទៅអាសនៈ
១៣ រួចថ្វាយតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្ដេចថ្វាយជាយញ្ញបូជាមេត្រីភាពផង។
១៤ រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្ដេចអោយគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
១៥ ព្រះបាទអហាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្ដេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ត្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកអោយយើងចាត់ចែងចុះ»។
១៦ លោកបូជាចារ្យអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអហាស។
១៧ ព្រះបាទអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិនចុះមកដាក់លើឥដ្ឋវិញ។
១៨ ព្រះបាទអហាសបានរើថែវសប្ប័ទ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចេញ ដើម្បីផ្គាប់ព្រះហឫទ័យស្ដេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងព្រះដំណាក់ និងថែវច្រកចូលរបស់ស្ដេចដែលនៅខាងក្រៅ។
១៩ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
២០ ព្រះបាទអហាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទហេសេគា ជាបុត្រឡើងស្នងរាជ្យ។