១៧
ព្រះបាទ​ហូស៊ា​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៅ​ស្រុក​អ៊ីស្រាអែល
១ នៅ​ឆ្នាំ​ទី​ដប់ពីរ​នៃ​រជ្ជកាល​ព្រះបាទ​អហាស​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។ ២ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រាអែល​មុនៗ​ទេ។ ៣ គ្រា​នោះ ព្រះចៅ​សាលម៉ានេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះបាទ​ហូស៊ា។ ព្រះបាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។ ៤ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះបាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះបាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គាល់​ព្រះចៅ​សូ​ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារអាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​អោយ​គេ​ឃុំឃាំង​ព្រះបាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។ ៥ បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​ឡោមព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ ៦ នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ស្រុក​អាស្ស៊ីរី​អោយ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​មេឌី​ផង។
មូល​ហេតុ​នៃ​ការ​វិនាស​របស់​អាណាចក្រ​អ៊ីស្រាអែល
៧ ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៅ​វិញ។ ៨ ពួក​គេ​ធ្វើ​តាម​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​នានា​ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បង្កើត​ឡើង​នោះ​ផង។ ៩ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ។ ១០ ពួក​គេ​នាំ​គ្នា​ដំឡើង​ស្ដូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ ១១ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជាជាតិ​នានា ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ។ ១២ ពួក​គេ​នាំ​គ្នា​គោរព​បំរើ​ព្រះ​ក្លែងក្លាយ ជា​អំពើ​ដែល​ព្រះអម្ចាស់​ហាម​មិន​អោយ​ធ្វើ។ ១៣  ព្រះអម្ចាស់​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះបង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ក្រឹត្យវិន័យ ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង»។ ១៤ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូនតា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ១៥ ពួក​គេ​បាន​បោះបង់​ចោល​ច្បាប់​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ ជា​ប្រជាជាតិ​ដែល​ព្រះអម្ចាស់​បាន​ហាម​ឃាត់​មិន​អោយ​ពួក​គេ​យក​តំរាប់​តាម។ ១៦ ពួក​គេ​បោះបង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បំរើ​ព្រះ​បាល។ ១៧ ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជាយញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្តអាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ១៨ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ១៩ រីឯ​ប្រជាជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កើត​ទៅ​វិញ។ ២០ ដូច្នេះ ព្រះអម្ចាស់​បោះបង់​ចោល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។
២១ កាល​ព្រះអម្ចាស់​ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ ជន​ជាតិ​អ៊ីស្រាអែល​បាន​តែងតាំង​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឡើង​ជា​ស្ដេច។ ព្រះបាទ​យេរ៉ូបោម​បាន​អូស​ទាញ​ជន​ជាតិ​អ៊ីស្រាអែល អោយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។ ២២ កូន​ចៅ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​យេរ៉ូបោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។ ២៣ ហេតុ​នេះ​ព្រះអម្ចាស់​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។
ដើម​កំណើត​របស់​ជន​ជាតិ​សាម៉ារី
២៤ ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជាជន​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត់ និង​ក្រុង​សេផាវែម អោយ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សាម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា។ ២៥ នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំនៅ​ក្នុង​ស្រុក​សាម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ទេ ព្រះអម្ចាស់​ក៏​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ។
២៦ មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះករុណា​ជន្លៀស​អោយ​ទៅ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៧ ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជាចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ អោយ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។ ២៨ ដូច្នេះ គេ​ទៅ​នាំ​បូជាចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី អោយ​វិល​មក​រស់​នៅ​បេតអែល​វិញ។ បូជាចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ អំពី​របៀប​ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ២៩ ប៉ុន្តែ ប្រជាជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សាម៉ារី​ពី​មុន​បាន​សង់។ ប្រជាជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។ ៣០ អ្នក​ក្រុង​បាប៊ីឡូន​ធ្វើ​រូប​ព្រះ​សិកូតបេណូត អ្នក​ក្រុង​គូថា ធ្វើ​រូប​ព្រះ​នើកាល អ្នក​ក្រុង​ហាម៉ាត់ ធ្វើ​រូប​ព្រះ​អស៊ីម៉ា។ ៣១ អ្នក​ក្រុង​អាវ៉ា ធ្វើ​រូប​ព្រះ​នីប-ហាស និង​ព្រះ​ថើថាក អ្នក​ក្រុង​សេផាវែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជាយញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ាម៉ាឡេក និង​ព្រះ​អណាម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផាវែម។ ៣២ ប្រជាជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ដែរ ព្រម​ទាំង​តែងតាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ អោយ​ធ្វើ​ជា​បូជាចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញបូជា​ក្នុង​នាម​របស់​ពួក​គេ​នៅ​តាម​កន្លែង​ទាំង​នោះ។ ៣៣ ពួក​គេ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀមទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។​
៣៤ រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ព្រះអម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រាអែល។ ៣៥  ព្រះអម្ចាស់​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បំរើ និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។ ៣៦ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។ ៣៧ រីឯ​បញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ព្រះអង្គ​បាន​ចែង​ទុក​សំរាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៨ កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​អោយ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។ ៣៩ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។ ៤០ ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​ដើម​របស់​ខ្លួន​ដដែល។ ៤១ ប្រជាជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ផង គោរព​បំរើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ខ្លួន​ដែរ។