ស្ដេចជំនាន់ចុងក្រោយនៃរាជាណាចក្រយូដា ចាប់ពីព្រះបាទហេសេគា រហូតដល់ចុងបញ្ចប់នៃរាជាណាចក្រយូដា
១៨
ព្រះបាទហេសេគាសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៩:១-២, ៣១:១)
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទហេសេគា ជាបុត្ររបស់ព្រះបាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។
២ កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការី។
៣ ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
៤ ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្ដូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រាអែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា «នេហ៊ូសថាន់»។
៥ ព្រះបាទហេសេគាផ្ញើជីវិតលើព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមស្ដេចស្រុកយូដាទាំងប៉ុន្មាន គឺស្ដេចដែលសោយរាជ្យមុន ឬស្ដេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្ដេចអង្គណាប្រៀបស្មើនឹងព្រះបាទហេសេគាបានទេ។
៦ ព្រះរាជាជំពាក់ចិត្តលើព្រះអម្ចាស់ ដោយឥតងាករេឡើយ។ ស្ដេចកាន់តាមបទបញ្ជាទាំងឡាយ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។
៧ ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
៨ ស្ដេចបានវាយយកស្រុកភីលីស្ទីនរហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។
ការវាយដណ្ដើមយកក្រុងសាម៉ារី
៩ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះបាទហូស៊ា ជាបុត្ររបស់លោកអេឡា ស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅសាលម៉ានេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីបានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។
១០ កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
១១ ស្ដេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រាអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី អោយពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
១២ ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ ដ្បិតពួកគេពុំព្រមស្ដាប់ ឬប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអង្គ។
ព្រះចៅសានហេរីបឈ្លានពានអាណាចក្រយូដា
(អេសាយ ៣៦:១, ២របាក្សត្រ ៣២:១)
១៣ នៅឆ្នាំទីដប់បួន នៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរីបានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។
១៤ ព្រះបាទហេសេគាជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារអោយទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់អោយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធ ជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។
១៥ ព្រះបាទហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងរាជ្យទ្រព្យទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
១៦ នៅគ្រានោះព្រះបាទហេសេគា គាស់មាសដែលស្ដេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃព្រះដំណាក់របស់ព្រះអម្ចាស់ យកទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។
ការគំរាមកំហែងរបស់ស្ដេចស្រុកអាស្ស៊ីរីមកលើក្រុងយេរូសាឡឹម
(អេសាយ ៣៦:២-២២, ២របាក្សត្រ ៣២:៩-១៦)
១៧ ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងរាជបំរើផ្ទាល់របស់ស្ដេច ពីកន្លែងបោះទ័ពនៅឡាគីស អោយមកជួបព្រះបាទហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចំការរបស់អ្នកជ្រលក់ល័ក្ខ
១៨ ហើយស្រែកហៅស្ដេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនហ្លួង និងលោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។
១៩ មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ?
២០ តើព្រះករុណាស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ?
២១ ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំអោយតែធ្លុះបាតដៃប៉ុណ្ណោះ។
២២ ប្រហែលជាព្រះករុណាមានរាជឱង្ការថា ‘យើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!’។ ប៉ុន្តែ តើព្រះករុណាពុំបានអោយគេកំទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអោយអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំ តែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?”
២៣ ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន!
២៤ ទោះបីព្រះករុណាពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្ដី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង។
២៥ មួយវិញទៀត យើងលើកទ័ពមកវាយកំទេចកន្លែងនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បង្គាប់អោយយើងមកវាយកំទេចក្រុងនេះ»។
២៦ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអាពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំ ជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
២៧ មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើង ប្រើយើងអោយមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាអោយយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។
២៨ បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរីដូចតទៅ:
២៩ ព្រះករុណាមានរាជឱង្ការថា កុំទុកអោយស្ដេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះ ពុំអាចរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់យើងជាដាច់ខាត។
៣០ កុំទុកអោយស្ដេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើព្រះអម្ចាស់ដោយពោលថា “ព្រះអម្ចាស់ពិតជានឹងរំដោះយើង ព្រះអង្គមិនបណ្ដោយអោយក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។
៣១ កុំស្ដាប់ស្ដេចហេសេគាអោយសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ”។
៣២ រួចហើយ យើងនឹងមកនាំអ្នករាល់គ្នា យកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចំការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រាន ឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេគាអោយសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នាដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”។
៣៣ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេអោយរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌទៅណាបាត់អស់ហើយ?
៣៤ តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី អោយរួចពីកណ្ដាប់ដៃរបស់យើង?។
៣៥ ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន អោយរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹម អោយរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
៣៦ ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទហេសេគាបានបង្គាប់ពួកគេមិនអោយឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។
៣៧ លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភជាអ្នកនាំពាក្យរបស់ស្ដេចនាំគ្នាវិលទៅគាល់ព្រះបាទហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។