៣
ពាក្យព្រមានមេដឹកនាំ 
១ ពួកមេដឹកនាំកូនចៅលោកយ៉ាកុប 
និងពួកអ្នកគ្រប់គ្រងលើ 
ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! 
អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។ 
២ ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ 
ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ 
អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន 
រហូតដល់បកស្បែកគេ 
ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។ 
៣ អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ 
អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ 
ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។ 
៤ អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់ 
តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ 
ពេលនោះ ព្រះអង្គគេចព្រះភក្ត្រពីអ្នករាល់គ្នា 
ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។ 
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ 
៥  ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីពួកព្យាការី 
ដែលនាំប្រជាជនរបស់ខ្ញុំអោយវង្វេង។ 
បើប្រជាជនអោយពួកគេបរិភោគឆ្អែត 
ពួកគេទាយថា មានសេចក្ដីសុខសាន្ត 
តែបើប្រជាជនមិនអោយអ្វីបរិភោគទេ 
ពួកគេទាយថា មានកើតសង្គ្រាម។ 
៦ ហេតុនេះអ្នករាល់គ្នានឹងលែងឃើញ 
និមិត្តហេតុអស្ចារ្យទៀតហើយ 
ផ្ទុយទៅវិញ មានតែយប់ងងឹត 
អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ 
ផ្ទុយទៅវិញ មានតែភាពអន្ធការ 
ភាពងងឹតសូន្យសុងនឹងគ្របពីលើ 
ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។ 
៧ ពួកគ្រូទាយនឹងត្រូវបាក់មុខ 
ពួកហោរានឹងត្រូវអាម៉ាស់ 
ពួកគេនឹងយកដៃបាំងមុខ 
ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។ 
៨ ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង 
មកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។ 
ព្រះអង្គប្រទានអោយខ្ញុំស្គាល់យុត្តិធម៌ 
និងមានចិត្តក្លាហាន 
ដើម្បីប្រាប់ពូជពង្សលោកយ៉ាកុប 
អោយស្គាល់អំពើទុច្ចរិតរបស់ខ្លួន 
ហើយប្រាប់ប្រជាជនអ៊ីស្រាអែល 
អោយស្គាល់អំពើបាបរបស់ខ្លួន។ 
៩ នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប 
មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ 
សូមនាំគ្នាស្ដាប់! 
អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។ 
១០ អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ 
ហើយសង់ក្រុងយេរូសាឡឹម 
ដោយជិះជាន់សង្កត់សង្កិនគេ។ 
១១ ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក 
បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកំរៃ 
ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ 
ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ 
ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង 
មហន្តរាយមិនកើតមានដល់ពួកយើងទេ”។ 
១២ ហេតុនេះព្រោះតែអ្នករាល់គ្នា 
ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ 
ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា 
គំនរបាក់បែក 
រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។