៤
ព្រះអម្ចាស់នឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ 
១ ថ្ងៃក្រោយព្រះអម្ចាស់នឹងលើកភ្នំ 
ដែលមានព្រះដំណាក់របស់ព្រះអង្គ 
ដាក់នៅលើកំពូលភ្នំទាំងឡាយ 
ដើម្បីអោយភ្នំនោះបានខ្ពស់ជាងគេ 
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ 
ជាហូរហែ។ 
២ ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ 
ទាំងពោលថា «ចូរនាំគ្នាមក! 
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ 
យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ 
លោកយ៉ាកុប។ 
ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ 
ហើយយើងនឹងដើរតាមមាគ៌ានេះ» 
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន 
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ 
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ 
៣ ព្រះអង្គនឹងធ្វើជាចៅក្រមរវាង 
ជាតិសាសន៍ដ៏ច្រើន 
ព្រះអង្គនឹងសំរុះសំរួលប្រជាជាតិដ៏ខ្លាំងពូកែ 
ដែលនៅឆ្ងាយៗ អោយឈប់ទាស់ទែងគ្នា។ 
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន 
មកដំធ្វើជាផាលនង្គ័ល 
ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ 
ប្រជាជាតិមួយឈប់ច្បាំងនឹង 
ប្រជាជាតិមួយទៀត 
ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។ 
៤ មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត 
ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពរ 
របស់គេរៀងៗខ្លួន។ 
គ្មាននរណាមករំខានពួកគេឡើយ 
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ 
៥ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម 
ព្រះរបស់គេរៀងៗខ្លួន 
រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ 
ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។ 
៦ «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស 
ដែលដើរពុំរួច 
យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល 
យើងបានធ្វើទោស» 
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 
៧ «យើងនឹងអោយអ្នករបួសដើរពុំរួច 
ក្លាយទៅជាប្រជាជនដែលនៅសេសសល់ 
ហើយធ្វើអោយអ្នកដែលខ្ចាត់ព្រាត់ 
ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ 
យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ 
នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ 
៨ រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ 
អ្នកប្រៀបដូចជាប៉មចាំយាម 
និងជាបន្ទាយដ៏រឹងមាំ 
អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម 
យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។ 
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹមអោយរួចពីឈឺចាប់ 
៩ ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ 
ហេតុអ្វីបានជាអ្នកឈឺចុកចាប់ 
ដូចស្ត្រីសំរាលកូនដូច្នេះ? 
តើអ្នកគ្មានស្ដេចទេឬ? 
តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ? 
១០ ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ 
និងស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ! 
ដ្បិតឥឡូវនេះអ្នកត្រូវចាកចេញពីទីក្រុង 
ទៅរស់នៅតាមស្រែចំការ 
អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ 
នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក 
ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។ 
១១ ឥឡូវនេះ ប្រជាជាតិជាច្រើន 
លើកគ្នាមកវាយប្រហារអ្នកទាំងបន់ថា: 
“សូមអោយក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស 
ដើម្បីអោយយើងឃើញក្រុងនេះអន្តរាយ!”។ 
១២ ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ទេ 
ហើយក៏ពុំយល់គំរោងការរបស់ព្រះអង្គដែរ 
ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ 
នៅក្នុងលានបោកបែន។ 
១៣ «ប្រជាជនក្រុងស៊ីយ៉ូនអើយ 
ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! 
យើងនឹងអោយអ្នកមានកម្លាំងខ្លាំងក្លា 
ដូចគោដែលមានស្នែងធ្វើពីដែក 
ក្រចកជើងធ្វើពីលង្ហិន 
អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន 
ដូចគេបញ្ជាន់ស្រូវ 
ហើយញែកជយភ័ណ្ឌរបស់ពួកគេ 
ទុកសំរាប់យើង ដែលជាព្រះអម្ចាស់ 
និងញែកទ្រព្យសម្បត្តិរបស់គេទុកសំរាប់យើង 
ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។ 
១៤ ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ 
ចូរអារសាច់របស់ខ្លួនទៅ! 
ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ 
គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់ 
ជនជាតិអ៊ីស្រាអែល។