៥
ព្រះសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម 
១ «បេថ្លេហិមអេប្រាតាអើយ! 
ក្នុងចំណោមអំបូរទាំងប៉ុន្មាន 
នៅស្រុកយូដា អ្នកតូចជាងគេមែន 
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែល 
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។ 
លោកនោះមានដើមកំណើត 
តាំងពីបុរាណកាលដ៏យូរលង់»។ 
២ ព្រះជាម្ចាស់នឹងបោះបង់ចោល 
ប្រជាជនអ៊ីស្រាអែលមួយរយៈសិន 
រហូតដល់ពេលដែលស្ត្រីជាមាតាសំរាលបុត្រ។ 
ពេលនោះ បងប្អូនរបស់បុត្រ 
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា 
ជាមួយកូនចៅអ៊ីស្រាអែលវិញ។ 
៣ ស្ដេចនោះនឹងក្រោកឡើង 
ហើយដឹកនាំជនជាតិអ៊ីស្រាអែល 
ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ 
និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ 
ជាព្រះរបស់លោក។ 
អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត 
ដ្បិតចាប់ពីពេលនេះទៅ 
ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម 
រហូតដល់ទីដាច់ស្រយាលនៃផែនដី។ 
៤ ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! 
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក 
វាយលុកស្រុកយើង 
ហើយវាយចូលដល់កំពែងក្រុងរបស់យើង 
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ 
អោយទៅតយុទ្ធនឹងពួកគេ។ 
៥ មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ 
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ 
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង 
ដើម្បីឈ្លានពានទឹកដីរបស់យើង 
ស្ដេចនោះនឹងដោះលែងយើងអោយរួចពី 
កណ្ដាប់ដៃរបស់ពួកគេ។ 
៦ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ 
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន 
ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់ 
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ 
ដោយឥតត្រូវការមនុស្សជួយឡើយ។ 
៧ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ 
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ 
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន 
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ 
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ 
ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី 
ដោយឥតមាននរណាម្នាក់អាចរំដោះ 
អោយរួចបានឡើយ។ 
៨ ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក 
ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ! 
៩ នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក 
យើងនឹងកំទេចរទេះចំបាំងរបស់អ្នក 
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 
១០ «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក 
យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ 
ទាំងប៉ុន្មានរបស់អ្នក។ 
១១ យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក 
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។ 
១២ យើងនឹងដកព្រះក្លែងក្លាយ 
និងរូបបដិមាចេញពីចំណោមអ្នក 
ហើយអ្នកនឹងលែងថ្វាយបង្គំរូប 
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។ 
១៣ យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក 
យើងនឹងកំទេចក្រុងរបស់អ្នក។ 
១៤ យើងនឹងដាក់ទោសប្រជាជាតិនានា 
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង 
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។