៥
សុភមង្គលដ៏ពិតប្រាកដ
(លូកា ៦:២០-២៦)
១ ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ
២ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
៣ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់
អ្នកនោះមានសុភមង្គល*ហើយ
ដ្បិតពួកគេបានទទួលព្រះរាជ្យ
នៃស្ថានបរមសុខ!
៤ អ្នកណាសោកសៅ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងសំរាលទុក្ខពួកគេ!
៥ អ្នកណាមានចិត្តស្លូតបូត
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
៦ អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយ
ពួកគេបានឆ្អែត!
៧ អ្នកណាមានចិត្តមេត្តាករុណា
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ
មេត្តាករុណាដល់ពួកគេវិញ!
៨ អ្នកណាមានចិត្តបរិសុទ្ធ*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!
៩ អ្នកណាកសាងសន្តិភាព
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងមាន ឈ្មោះជាបុត្រ
របស់ព្រះជាម្ចាស់!
១០ អ្នកណាត្រូវគេបៀតបៀន
ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតគេបានទទួលក្នុងព្រះរាជ្យ
នៃស្ថានបរមសុខ!
១១ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
១២ ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី*ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
អំបិល និងពន្លឺ
(ម៉ាកុស ៩:៥០-៥១ លូកា ១៤:៣៤-៣៥)
១៣ «អ្នករាល់គ្នាជាអំបិល សំរាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។
១៤ អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។
១៥ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។
១៦ ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*»។
ព្រះបន្ទូលអំពីគម្ពីរវិន័យ
១៧ «សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការី*ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។
១៨ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យ*ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។
១៩ អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
២០ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។
ព្រះបន្ទូលអំពីកំហឹង
២១ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។
២២ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។
២៣ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក
២៤ ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។
២៥ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។
២៦ ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
ព្រះបន្ទូលអំពីការផិតក្បត់
២៧ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។
២៨ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។
២៩ ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។
៣០ ប្រសិនបើដៃស្ដាំរបស់អ្នក នាំអ្នកអោយប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
ព្រះបន្ទូលអំពីការលែងលះប្ដីប្រពន្ធ
(ម៉ាថាយ ១៩:៩ ម៉ាកុស ១០:១១-១២ លូកា ១៦:១៨)
៣១ «មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះអោយនាង”
៣២ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើអោយនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ព្រះបន្ទូលអំពីសម្បថ
៣៣ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថាៈ “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់” ។
៣៤ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថអោយសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់
៣៥ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។
៣៦ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។
៣៧ ត្រូវនិយាយអោយទៀងទាត់ បើ “មែន” អោយប្រាកដជា “មែន” បើ “ទេ” អោយប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។
ព្រះបន្ទូលអំពីគំនុំសងសឹក
(លូកា ៦:២៩-៣០)
៣៨ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ” ។
៣៩ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរអោយគេទះម្ខាងទៀតទៅ។
៤០ បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរអោយគេយកអាវធំថែមទៀតទៅ។
៤១ បើមានគេបង្ខំអ្នកអោយធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។
៤២ អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
(លូកា ៦:២៧-២៨, ៣២-៣៦)
៤៣ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។
៤៤ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរអោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។
៤៥ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងអោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។
៤៦ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។
៤៧ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។
៤៨ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។