៦
ការធ្វើទានដល់ជនក្រីក្រ
១ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បីអោយតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ទេ។
២ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
៣ រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់អោយដៃឆ្វេងដឹងឡើយ
៤ ដើម្បីអោយទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
ព្រះបន្ទូលអំពីការអធិស្ឋាន
(លូកា ១១:២-៤)
៥ «កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីអោយមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។
៦ រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារអោយជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។
៧ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។
៨ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
៩ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ
ឱព្រះបិតានៃយើងខ្ញុំ
ដែលគង់នៅស្ថានបរមសុខ*អើយ!
១០ សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
អោយមនុស្សលោកស្គាល់*
សូមអោយព្រះរាជ្យ*ព្រះអង្គបានមកដល់
សូមអោយព្រះហឫទ័យរបស់ព្រះអង្គ
បានសំរេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
១១ សូមប្រទានអាហារ
ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
១២ សូមអត់ទោសអោយយើងខ្ញុំ
ដូចយើងខ្ញុំអត់ទោសអោយ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
១៣ សូមកុំបណ្ដោយអោយយើងខ្ញុំ
ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំអោយរួចពីមារ*កំណាច
[ដ្បិតព្រះអង្គគ្រងរាជ្យ
ទ្រង់មានឫទ្ធានុភាព និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
១៤ បើអ្នករាល់គ្នាអត់ទោសអោយមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសអោយអ្នករាល់គ្នាដែរ។
១៥ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ»។
ការតមអាហារ
១៦ «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខអោយអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។
១៧ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង
១៨ កុំអោយមនុស្សម្នាឃើញថាអ្នកតមឡើយ គឺអោយតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
អំពីសម្បត្តិសួគ៌
(លូកា ១២:៣៣-៣៤)
១៩ «កុំសន្សំទ្រព្យសម្បត្តិទុកសំរាប់ខ្លួន នៅលើផែនដីជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។
២០ ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ*វិញ ជាស្ថានដែលគ្មានកណ្ដៀរ និងច្រែះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ
២១ ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។
ពាក្យប្រស្នាអំពីចង្កៀង
(លូកា ១១:៣៤-៣៦)
២២ «ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ
២៣ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹត នឹងទៅជាសូន្យសុង ដល់កំរិតណាទៀតទេ»។
ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
(លូកា ១៦:១៣, ១២:២២-៣១)
២៤ «គ្មានអ្នកណាម្នាក់អាចបំរើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបំរើព្រះជាម្ចាស់ផង ហើយគោរពបំរើទ្រព្យសម្បត្តិ ទុកជាព្រះផងបានឡើយ»។
២៥ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំអោយខ្វល់ខ្វាយអំពីម្ហូបអាហារសំរាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។
២៦ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។
២៧ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនអោយវែងបានដែរ សូម្បីតែបន្តិចក៏មិនបានផង។
២៨ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ
២៩ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។
៣០ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។
៣១ ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់” នោះឡើយ
៣២ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
៣៣ ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត*របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
៣៤ កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសំរាប់តែថ្ងៃនោះបានហើយ»។