ជនគណនា
(ជំរឿនប្រជាជន)
ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរហោស្ថានស៊ីណៃ
១
ការជំរឿនប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថានស៊ីណៃ
១ នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖
២ «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។
៣ អើរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបំរើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។
៤ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។
៥ អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
៦ ស្លូមាលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។
៧ ណាសូនជាកូនរបស់អមីណាដាប់ ពីកុលសម្ព័ន្ធយូដា។
៨ នេថានេលជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។
៩ អេលាបជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។
១០ ក្នុងពូជពង្សរបស់យ៉ូសែប គឺអេលីសាម៉ាជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាម៉ាលាលជាកូនរបស់ផ្ដាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។
១១ អប៊ីដានជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។
១២ អហ៊ីយេស៊ើរជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។
១៣ ប៉ាគីហ៊ាលជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។
១៤ អេលាសាប់ជាកូនរបស់ដេហូអែល ពីកុលសម្ព័ន្ធកាដ។
១៥ អហ៊ីរ៉ាជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។
១៦ អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។
១៧ លោកម៉ូសេ និងលោកអើរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក
១៨ ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។
១៩ លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។
២០ កូនចៅលោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន
២១ ក្នុងកុលសម្ព័ន្ធរូបេនជំរឿនបានទាំងអស់ ៤៦ ៥០០ នាក់។
២២ កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
២៣ ក្នុងកុលសម្ព័ន្ធស៊ីម្មានជំរឿនបានទាំងអស់ ៥៩ ៣០០ នាក់។
២៤ កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
២៥ ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។
២៦ កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
២៧ ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។
២៨ កូនចៅលោកអ៊ីសាខារ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន
២៩ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ ជំរឿនបានទាំងអស់ ៥៤ ៤០០នាក់។
៣០ កូនចៅលោកសាប់យូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៣១ ក្នុងកុលសម្ព័ន្ធសាប់យូឡូនជំរឿនបានទាំងអស់ ៥៧ ៤០០ នាក់។
៣២ រីឯពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៣៣ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមជំរឿនបានទាំងអស់ ៤០ ៥០០ នាក់។
៣៤ កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៣៥ ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២ ២០០ នាក់។
៣៦ កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៣៧ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជំរឿនបានទាំងអស់ ៣៥ ៤០០ នាក់។
៣៨ កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៣៩ ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២ ៧០០ នាក់។
៤០ កូនចៅលោកអេស៊ើរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន
៤១ ក្នុងកុលសម្ព័ន្ធអេស៊ើរ ជំរឿនបានទាំងអស់ ៤១ ៥០០ នាក់។
៤២ រីឯកូនចៅលោកណែបថាលី រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន
៤៣ ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់ ៥៣ ៤០០ នាក់។
៤៤ នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។
៤៥ ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ
៤៦ ជំរឿនបានទាំងអស់ ៦០៣ ៥៥០ នាក់។
តួនាទីពិសេសរបស់កុលសម្ព័ន្ធលេវី
៤៧ គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ
៤៨ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
៤៩ «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។
៥០ ចូរប្រគល់ភារកិច្ចអោយពួកគេមើលខុសត្រូវក្នុងព្រះពន្លា*នៃសន្ធិសញ្ញា* និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបំរើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។
៥១ ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។
៥២ ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។
៥៣ មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលអោយខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបំរើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។
៥៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។