១១២
មនុស្ស​ល្អ​មិន​ដែល​រង្គើ​ទេ
១ ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម​ព្រះបញ្ជា
របស់​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
២ ពូជពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក
ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ពរ
ដល់​មនុស្ស​ទៀង​ត្រង់។
៣ នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ
នឹង​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ
សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
៤ ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង
បំភ្លឺ​មនុស្ស​ទៀង​ត្រង់
ដែល​មាន​ចិត្ត​ប្រណី​សន្ដោស
អាណិត​មេត្តា និង​សុចរិត។
 
៥ អ្នក​ណា​មាន​ចិត្ត​ទូលាយ
ហើយ​យក​របស់​ខ្លួន​អោយ​គេ​ខ្ចី
ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់
អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។
៦ មនុស្ស​ល្អ​នឹង​បាន​សុខ​ជានិច្ច
គេ​នឹង​រំលឹក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។
៧ គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់
ពី​គាត់​សោះ​ឡើយ
គាត់​មាន​ចិត្ត​រឹងប៉ឹង
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​ទាំង​ស្រុង។
៨ គាត់​មាន​ចិត្ត​នឹងន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់
រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ។
៩ គាត់​តែង​ចែក​ទាន​អោយ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ
សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ​
ហើយ​គាត់​ចំរើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។
១០ ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ
ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ
ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់
ពុំ​ដែល​បាន​សំរេច​ដូច​បំណង​ឡើយ។