១១៣
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើង
១ ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកបំរើរបស់ព្រះអម្ចាស់អើយ
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
២ ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់
តាំងពីពេលនេះរហូតតទៅ!
៣ តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!
៤ ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ
សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាង
ផ្ទៃមេឃទៅទៀត។
៥ តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់
ជាព្រះរបស់យើងបាន?
ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត
៦ ព្រះអង្គទតមើលមកផ្ទៃមេឃ
និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។
៧ ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី
ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ
៨ ដើម្បីអោយគេកាន់កាប់អំណាច
រួមជាមួយពួកអ្នកធំ
គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោម
ប្រជារាស្ត្ររបស់ព្រះអង្គ។
៩ ព្រះអង្គប្រទានអោយស្ត្រីអារមានកូន
អោយនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ
ជាមួយកូនៗរបស់នាង។
ហាលេលូយ៉ា!