១៤១
សូមរក្សាមាត់ទូលបង្គំ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមអង្វរព្រះអង្គ
មេត្តាយាងមកជួយទូលបង្គំជាប្រញាប់
ពេលទូលបង្គំអង្វរព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
២ សូមអោយពាក្យអធិស្ឋានរបស់ទូលបង្គំ
ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ
ដូចតង្វាយនៅពេលល្ងាច!
៣ ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ
កុំអោយទូលបង្គំពោលពាក្យ
អាក្រក់សោះឡើយ។
៤ សូមកុំបណ្ដោយអោយចិត្តទូលបង្គំ
មានលំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើអាក្រក់
រួមជាមួយមនុស្សទុច្ចរិត
សូមកុំអោយទូលបង្គំចូលរួមជប់លៀង
ជាមួយពួកគេឡើយ។
៥ បើមនុស្សសុចរិតវាយប្រដៅ
និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ
ព្រោះជាការល្អចំពោះទូលបង្គំ
ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន
តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
៦ សូមអោយចៅក្រមរបស់ពួកនោះ
ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម
ហើយសូមអោយបច្ចាមិត្តស្ដាប់សេចក្ដី
ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
៧ ដីប្រេះចេញពីគ្នាយ៉ាងណា
សូមអោយស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ
គ្រប់ទីកន្លែងយ៉ាងនោះដែរ។
៨ ឱព្រះជាអម្ចាស់អើយ
ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
សូមកុំបណ្ដោយអោយទូលបង្គំបាត់បង់ជីវិត។
៩ សូមការពារទូលបង្គំអោយរួចផុតពីអន្ទាក់
ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំអោយទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ
របស់មនុស្សទុច្ចរិតឡើយ
១០ តែសូមអោយពួកគេជាប់អន្ទាក់
ដែលខ្លួនបានដាក់នោះវិញ!
រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។