១៤២
មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ទី​ជំរក​របស់​ទូលបង្គំ
កំណាព្យ​របស់​ស្ដេច​ដាវីឌ។ រំលឹក​ពី​គ្រា​ដែល​ស្ដេច​គង់​នៅ​តាម​រូង​ភ្នំ។ ពាក្យ​អធិស្ឋាន។
១ ខ្ញុំ​បន្លឺ​សំឡេង
ស្រែក​អង្វរ​ព្រះអម្ចាស់
ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះអម្ចាស់
២ ខ្ញុំ​ទូល​ព្រះអង្គ​អោយ​ជ្រាប
អំពី​ពាក្យ​ត្អូញត្អែរ​របស់​ខ្ញុំ
ខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ប្រាប់​ព្រះអង្គ។
៣ ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត
ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។
ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ
ដែល​ទូលបង្គំ​ដើរ។
៤ សូម​ទត​មើល​ជុំវិញ​ទូលបង្គំ​មើល៍
គ្មាន​នរណា​ម្នាក់​អើពើ​នឹង​ទូលបង្គំ​ទេ
ទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោន
ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវីរវល់​នឹង​ទូលបង្គំ​ដែរ។
 
៥ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ:
ព្រះអង្គ​ជា​ជំរក​របស់​ទូលបង្គំ
នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំ​គ្មាន
អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។
៦ សូម​យក​ព្រះហឫទ័យ​ទុក​ដាក់
នឹង​សំរែក​របស់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយ
សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត
ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ
ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។
៧ សូម​ដោះ​លែង​ទូលបង្គំ​អោយ​មាន​សេរីភាព
ដើម្បី​អោយ​ទូលបង្គំ​លើក​តម្កើង ព្រះនាម​ព្រះអង្គ
ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ព្រោះ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ទូលបង្គំ។