៩៤
សូមព្រះអង្គសំដែងឫទ្ធិបារមីដើម្បីសងសឹក
១ ព្រះអម្ចាស់អើយ
ព្រះអង្គតែងតែសងសឹក
ឱព្រះដែលតែងតែសងសឹក សូមសំដែងឫទ្ធិបារមី!
២ ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ
សូមក្រោកឡើង!
សូមដាក់ទោសមនុស្សព្រហើន
អោយសមនឹងអំពើដែលគេបានប្រព្រឹត្ត!
៣ ឱព្រះអម្ចាស់អើយ
តើទុកអោយមនុស្សអាក្រក់លើកតម្កើងខ្លួន
ដល់កាលណាទៀត?
៤ ពួកគេពោលពាក្យអួតបំប៉ោង
ពួកគេវាយឫកខ្ពស់
ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
៥ ឱព្រះអម្ចាស់អើយ ពួកគេជិះជាន់សង្កត់សង្កិន
ប្រជារាស្ត្ររបស់ព្រះអង្គ
ពួកគេបន្ទាបបន្ថោកប្រជាជនរបស់ព្រះអង្គ
៦ ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោប្រវេសន៍
ពួកគេធ្វើឃាតក្មេងកំព្រា
៧ ហើយពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ
ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ!»
៨ មនុស្សល្ងីល្ងើជាងគេអើយ ចូរប្រយ័ត្នខ្លួន!
មនុស្សឆោតល្ងង់អើយ
តើពេលណាទើបអ្នករាល់គ្នាចេះរិះគិត?
៩ ព្រះអង្គដែលជាអ្នកបង្កើតត្រចៀកមនុស្សមក
តើព្រះអង្គមិនចេះស្ដាប់ឬ?
ព្រះអង្គដែលជាអ្នកបង្កើតភ្នែកមនុស្សមក
តើព្រះអង្គមិនចេះទតឬ?
១០ ព្រះអង្គដែលជាអ្នកវាយប្រដៅប្រជាជាតិនានា
តើព្រះអង្គមិនចេះដាក់ទោសទេឬ?
ព្រះអង្គដែលជាអ្នកបង្រៀនមនុស្សលោក
អោយចេះដឹង
តើព្រះអង្គមិនចេះដឹងទេឬ?
១១ ព្រះអម្ចាស់ជ្រាបគំនិតរបស់មនុស្សលោក
ច្បាស់ណាស់!
គឺគំនិតរបស់គេឥតខ្លឹមសារអ្វីទាំងអស់!
១២ ឱព្រះអម្ចាស់អើយ
អ្នកណាមានព្រះអង្គរំលឹកដាស់តឿន
ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ
អ្នកនោះមានសុភមង្គលហើយ!
១៣ នៅថ្ងៃមានអាសន្ន
ព្រះអង្គប្រទានអោយគេមានចិត្តស្ងប់
រីឯមនុស្សអាក្រក់វិញ
មានរណ្ដៅបម្រុងទុកសំរាប់កប់ពួកគេ
១៤ ដ្បិតព្រះអម្ចាស់មិនបោះបង់ប្រជារាស្ត្រ
របស់ព្រះអង្គឡើយ
ព្រះអង្គមិនចោលប្រជាជនរបស់ព្រះអង្គផ្ទាល់
ជាដាច់ខាត។
១៥ ពេលនោះ ចៅក្រមនឹងកាត់ក្ដី
ដោយយុត្តិធម៌ឡើងវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់
នឹងដើរតាមគន្លងយុត្តិធម៌។
១៦ តើមាននរណាក្រោកឡើងការពារខ្ញុំ
ជំទាស់នឹងមនុស្សអាក្រក់?
តើមាននរណាឈរជាមួយខ្ញុំ
ប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត?
១៧ ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ
ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។
១៨ ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា
«ខ្ញុំដួលឥឡូវហើយ!»
នោះព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា
ជួយទ្រទូលបង្គំ។
១៩ ពេលណាមានទុក្ខកង្វល់ញាំញីក្នុងចិត្តទូលបង្គំ
ព្រះអង្គសំរាលទុក្ខទូលបង្គំ
ដោយប្រទានអោយទូលបង្គំមានអំណរសប្បាយ។
២០ តើអ្នកមានពាក់ព័ន្ធជាមួយនឹងចៅក្រម
ដ៏ទុច្ចរិតទាំងនោះ
ដែលប្រើច្បាប់ជិះជាន់សង្កត់សង្កិនប្រជាជនឬទេ?
២១ ពួកគេព្រួតគ្នាព្យាបាទជីវិតមនុស្សសុចរិត
ពួកគេកាត់ទោសប្រហារជីវិតមនុស្សស្លូតត្រង់។
២២ ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ
ព្រះរបស់ខ្ញុំជាថ្មដា និងជាជំរក សំរាប់ខ្ញុំ។
២៣ ព្រះអង្គសងទៅពួកគេវិញ
សមតាមកំហុសដែលគេបានប្រព្រឹត្ត
ព្រះអង្គធ្វើអោយគេវិនាសសូន្យ
ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់
ព្រះអម្ចាស់ជាព្រះនៃយើង
នឹងធ្វើអោយពួកគេវិនាសសូន្យទៅ។