៩៦
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
១ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
មនុស្សនៅផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
២ ចូរច្រៀងថ្វាយព្រះអម្ចាស់
និងសរសើរតម្កើងព្រះនាមព្រះអង្គ
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
៣ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា
អំពីសិរីរុងរឿងរបស់ព្រះអង្គ
ហើយប្រកាសនៅក្នុងចំណោម
ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ!
៤ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
៥ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់វិញ
ព្រះអង្គបានបង្កើតផ្ទៃមេឃ។
៦ មានពន្លឺរស្មីចិញ្ចែងចិញ្ចាច
ចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញ
ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។
៧ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ។
៨ ចូរលើកតម្កើងសិរីរុងរឿង
ព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមក
ក្នុងព្រះវិហាររបស់ព្រះអង្គ!
៩ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសំដែងភាពវិសុទ្ធរបស់ព្រះអង្គ!
មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអង្គចុះ!
១០ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ
ពិភពលោករឹងមាំឥតរង្គើសោះឡើយ។
ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានា
ដោយយុត្តិធម៌។
១១ ចូរអោយផ្ទៃមេឃមានអំណរសប្បាយ
អោយផែនដីបានរីករាយឡើង
ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
១២ ចូរអោយស្រែចំការ និងអ្វីៗដែលស្ថិតនៅទីនោះ
ត្រេកអរសប្បាយ
ចូរអោយព្រៃព្រឹក្សាទាំងប៉ុន្មាន
ស្រែកហ៊ោនៅចំពោះព្រះភក្ត្រព្រះអម្ចាស់
១៣ ដ្បិតព្រះអង្គយាងមកហើយ
ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី
ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌
ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ
ដោយទៀងត្រង់។