៩៧
ព្រះអម្ចាស់​គ្រង​រាជ្យ
១  ព្រះអម្ចាស់​គ្រង​រាជ្យ!
ចូរ​អោយ​ផែនដី​បាន​រីករាយ​ឡើង!
ចូរ​អោយ​កោះ​ទាំងឡាយ​មាន​អំណរ​សប្បាយ!
២ មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំវិញ​ព្រះអង្គ
ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។
៣ មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ
បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ​ព្រះអង្គ។
៤ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ជះ​ពន្លឺ
មក​លើ​ពិភព​លោក
ផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់ញ័រ​ជា​ខ្លាំង។
៥ ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ
គឺ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
នៃ​ផែនដី​ទាំង​មូល។
៦ ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ហើយ​ប្រជារាស្ត្រ​ទាំង​អស់
នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ។
៧ អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ
ហើយ​អួតអាង​ក្នុង​ការ​គោរព​បំរើ
ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។
ព្រះ​ទាំងឡាយ​អើយ
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។
៨ ឱ​ព្រះអម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន
ឮ​ដំណឹង​ថា ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ
គេ​នឹង​មាន​អំណរ​រីករាយ
ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា
ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ
៩ ឱ​ព្រះអម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ
ដែល​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូល
ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។
១០ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​អើយ
ចូរ​ស្អប់​អំពើ​អាក្រក់!
ព្រះអង្គ​នឹង​ថែរក្សា​អាយុ​ជីវិត​អស់​អ្នក
ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
ព្រះអង្គ​ដោះ​លែង​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់។
១១ មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត
ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​មាន​អំណរ​សប្បាយ។
១២ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ
ចំពោះ​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ!
ចូរ​លើក​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ!