១៣
ការដង្ហែហិបសម្ពន្ធមេត្រីចូលក្រុងយេរូសាឡឹម
(២សាំយូអែល ៦:១-១១)
១ ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។
២ ស្ដេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។
៣ បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
៤ អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។
៥ ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
៦ ព្រះរាជាយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន* ហើយ ហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
៧ គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។
៨ ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូលសប្បាយរីករាយ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
៩ កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសា លើកដៃទៅទប់ហិប ព្រោះគោធ្វើអោយហិបនោះផ្អៀងចង់ធ្លាក់។
១០ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។
១១ ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។
១២ នៅថ្ងៃនោះព្រះបាទដាវីឌភ័យខ្លាចព្រះជាម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។
១៣ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានអោយគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។
១៤ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដអេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។