១៤
ព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម
(២សាំយូអែល ៥:១១-១៦)
១ ព្រះបាទហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារអោយមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។
២ ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងទ្រង់ជាស្ដេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់ចំរុងចំរើន កាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
៣ នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។
៤ បុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូសាឡឹមមាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន
៥ យីបហារ អេលីសួ អែលផាលេត
៦ ណូកា នេផេក យ៉ាភា
៧ អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។
ព្រះបាទដាវីឌទទួលជ័យជំនះលើជនជាតិភីលីស្ទីន
(២សាំយូអែល ៥:១៧-២៥)
៨ កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេក ជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។
៩ ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។
១០ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រ គល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់ មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។
១១ ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើអោយខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
១២ កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាអោយគេដុតរូបព្រះទាំងនោះចោលទៅ។
១៣ ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។
១៤ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។
១៥ កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។
១៦ ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។
១៧ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើអោយប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។