១៥
ត្រូវ​ធ្វើ​អោយ​អ្នក​ដទៃ​សប្បាយ​ចិត្ត
១ ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំមួន យើង​មាន​ភារកិច្ច​ជួយ​អ្នក ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ ២ យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​អោយ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​អោយ​ចំរើន​ឡើង​ ៣ ដ្បិត​ព្រះគ្រិស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​អោយ​គាប់​ព្រះហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះតិះដៀល​របស់​អស់​អ្នក​ដែល​តិះដៀល​ព្រះអង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ» ៤ អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សំរាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សំរាល​ទុក្ខ​យើង និង​អោយ​យើង​ចេះ​ស៊ូ​ទ្រាំ​យើង​មាន​សេចក្ដី​សង្ឃឹម។ ៥ សូម​ព្រះជាម្ចាស់​ដែល​ជួយ​សំរាល​ទុក្ខ និង​ជួយ​អោយ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​អោយ​បង​ប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ដយេស៊ូ ៦ ដើម្បី​អោយ​បង​ប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូគ្រិស្ដ ជា​អម្ចាស់​នៃ​យើង។
ដំណឹងល្អ​សំរាប់​ប្រជាជាតិ​ទាំង​អស់
៧ ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់ទាក់ អោយ​បាន​ដូច​ព្រះគ្រិស្ដ​ទទួល​បង​ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ៨ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ព្រះគ្រិស្ដ​បាន​មក​ធ្វើ​ជា​អ្នក​បំរើ​របស់​សាសន៍​ដែល​កាត់​ស្បែក*​ដើម្បី​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សំដែង​ព្រះហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។ ៩ រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដោយ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថាៈ
«ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល
ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា
ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង
ព្រះកិត្តិនាម​របស់​ព្រះអង្គ»​។
១០ មាន​ចែង​ទៀត​ថាៈ
«ជាតិ​សាសន៍​ទាំងឡាយ​អើយ ចូរ​មាន​អំណរ
ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ!» ​។
១១ ហើយ​មាន​ចែង​ទៀត​ថាៈ
«ជាតិ​សាសន៍​ទាំងឡាយ​អើយ
ចូរ​កោត​សរសើរ​ព្រះអម្ចាស់
ត្រូវ​អោយ​ប្រជារាស្ត្រ​ផង​ទាំង​ពួង
ច្រៀង​សរសើរ​ព្រះអង្គ»​។
១២ ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថាៈ
«ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់
ព្រះអង្គ​នឹង​ក្រោក​ឡើង
ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា
ហើយ​ជាតិ​សាសន៍​ទាំង​នោះ
នឹង​សង្ឃឹម​លើ​ព្រះអង្គ»​។
១៣ សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ប្រោស​បង​ប្អូន​ដែល​មាន​ជំនឿ អោយ​បាន​ពោរពេញ​ដោយ​អំណរ និង​សេចក្ដី​សុខសាន្ត​គ្រប់​ប្រការ ដើម្បី​អោយ​បង​ប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរហៀរ​ដោយ​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។
សកម្មភាព និង​គំរោងការ​របស់​លោក​ប៉ូល
១៤ បង​ប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បង​ប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង។ ១៥ ក៏​ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំលឹក​ដាស់​តឿន​បង​ប្អូន​យ៉ាង​ធ្ងន់ៗ​បន្តិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ ១៦ អោយ​បំរើ​ព្រះគ្រិស្ដយេស៊ូ​សំរាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​អោយ​បាន​វិសុទ្ធ។ ១៧ ដោយ​ហេតុ​នេះ​ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​ ១៨ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅ​ពី​ការ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សំដី​ក្ដី ឬ​តាម​កិច្ចការ​ក្ដី ដើម្បី​នាំ​សាសន៍​ដទៃ​អោយ​មក​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​នោះ​ឡើយ។ ១៩ ព្រះអង្គ​សំដែង​ឫទ្ធានុភាព​នៃ​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ព្រះអង្គ​សំដែង​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន​។ ២០ ក៏​ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹងល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះនាម​ព្រះគ្រិស្ដ​នៅ​ឡើយ ដើម្បី​ចៀស​វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ ២១ គឺ​អោយ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ
«អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង
អំពី​ព្រះអង្គ មុខ​ជា​ឃើញ
ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ
មុខ​ជា​បាន​យល់»​។
គំរោងការ​របស់​លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម
២២ ការ​នេះ​ហើយ ដែល​ធ្វើ​អោយ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។ ២៣ ប៉ុន្តែ ឥឡូវ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​ភូមិ​ភាគ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ។ ម្យ៉ាង​ទៀត តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​បំណង​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ជា​ខ្លាំង ២៤ នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស៉្បាញ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឆៀង​ចូល​មក​ជួប​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បន្តិច​មក។ ២៥ ប៉ុន្តែ ពេល​នេះ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​បំរើ​ប្រជាជន​ដ៏វិសុទ្ធ* ២៦ ដ្បិត​បង​ប្អូន​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បង​ប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជាជន​ដ៏វិសុទ្ធ នៅ​ក្រុង​យេរូសាឡឹម។ ២៧ បង​ប្អូន​ទាំង​នោះ​បាន​សំរេច​ចិត្ត​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បង​ប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍ ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។ ២៨ ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​អោយ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។ ២៩ ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​រក​បង​ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ព្រះពរ​គ្រប់​យ៉ាង​របស់​ព្រះគ្រិស្ដ​មក​ជា​មួយ​ផង​។
៣០ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន ក្នុង​នាម​ព្រះយេស៊ូ​គ្រិស្ដ​ជាអម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះវិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ​ដោយ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ​ផង ៣១ ដើម្បី​អោយ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​អោយ​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ក្រុង​យេរូសាឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ​ដោយ​អំណរ។ ៣២ ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បង​ប្អូន ទាំង​សប្បាយ​ចិត្ត ហើយ​ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បង​ប្អូន។ ៣៣ សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត គង់​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា! អាម៉ែន!។