១៦
ពាក្យសួរសុខទុក្ខ
១ ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បំរើក្រុមជំនុំនៅក្រុងកេងគ្រា
២ សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់អោយបានសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការអោយបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
៣ សូមជំរាបសួរនាងព្រីស៊ីល និងលោកអគីឡាអោយខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបំរើព្រះគ្រិស្ដ រួមជាមួយខ្ញុំ
៤ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។
៥ សូមជំរាបសួរក្រុមជំនុំ ដែលជួបជុំគ្នាក្នុងផ្ទះគាត់អោយខ្ញុំផង។ សូមជំរាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។
៦ សូមជំរាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។
៧ សូមជំរាបសួរលោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័ក*ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រិស្ដមុនខ្ញុំផង។
៨ សូមជំរាបសួរលោកអាំភ្លាស ដ៏ជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។
៩ សូមជំរាបសួរលោកអ៊ើបាន់ដែលធ្វើការបំរើព្រះគ្រិស្ដរួមជាមួយយើង និងជំរាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។
១០ សូមជំរាបសួរលោកអពេលេស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ដ។ សូមជំរាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។
១១ សូមជំរាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជំរាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និងជាក្រុមញាតិលោកណើគីស។
១២ សូមជំរាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបាននឿយហត់បំរើព្រះអម្ចាស់។ សូមជំរាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បំរើព្រះអម្ចាស់។
១៣ សូមជំរាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងជំរាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។
១៤ សូមជំរាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។
១៥ សូមជំរាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីគាត់ ព្រមទាំងជំរាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។
១៦ សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។
ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជំរាបសួរមកបងប្អូន។
ពាក្យដាស់តឿនចុងបញ្ចប់
១៧ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនអោយប្រុងប្រយ័ត្ន នឹងពួកអ្នកដែលបង្កអោយមានការបាក់បែកគ្នា និងនាំអោយបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួលសូមបងប្អូនចៀសចេញអោយឆ្ងាយពីអ្នកទាំងនោះទៅ
១៨ ដ្បិតមនុស្សប្រភេទនេះមិនបំរើព្រះគ្រិស្ដជាអម្ចាស់នៃយើងទេ គឺគេបំរើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។
១៩ រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់អោយបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។
២០ ព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្តនឹងកំទេចមារ*សាតាំង អោយនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
២១ លោកធីម៉ូថេ ដែលធ្វើការរួមជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជំរាបសួរមកបងប្អូនដែរ។
២២ ខ្ញុំទើទាស ជាអ្នកសរសេរលិខិតនេះ សូមជំរាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។
២៣ លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល អោយជួបជុំគ្នានៅផ្ទះគាត់ សូមជំរាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជំរាបសួរមកបងប្អូនដែរ។ [
២៤ សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង! អាម៉ែន!]។
២៥ ព្រះជាម្ចាស់មានឫទ្ធានុភាព នឹងធ្វើអោយបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ដ តាមតែព្រះជាម្ចាស់បានសំដែងអំពីគំរោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក
២៦ តែទ្រង់បានសំដែងអោយយើងស្គាល់ នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីអោយជាតិសាសន៍ទាំងអស់បានស្គាល់ ហើយអោយគេជឿ និងស្ដាប់តាម។
២៧ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។