៤
ពិធីមង្គលការនាងរស់ និងលោកបូអូស
១ លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូស ប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។
២ លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំអោយគេអង្គុយជាមួយដែរ។
៣ លោកមានប្រសាសន៍ទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។
៤ ខ្ញុំបានគិតថាគួរតែជំរាបបង ហើយសូមអោយបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់អោយខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។
៥ លោកបូអូសក៏មានប្រសាសន៍ថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ជាសាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីអោយដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។
៦ បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។
៧ កាលពីដើមនៅស្រុកអ៊ីស្រាអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅអោយម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។
៨ ហេតុនេះហើយបានជានៅពេលបុរសនោះ ពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។
៩ លោកបូអូសមានប្រសាសន៍ទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីអោយខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។
១០ ខ្ញុំក៏សូមយកនាងរស់ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីអោយកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សអោយគាត់ ដើម្បីរក្សាឈ្មោះគាត់អោយនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។
១១ ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមព្រះអម្ចាស់ប្រោសប្រទានអោយស្ត្រីដែលចូលក្នុងគ្រួសារលោក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រាអែលដែរ! សូមអោយលោកមានសម្បត្តិស្ដុកស្ដម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
១២ សូមព្រះអម្ចាស់ប្រទានអោយលោក និងនាងមានកូនចៅច្រើន ដើម្បីអោយគ្រួសារលោក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។
លោកបូអូស និងពូជពង្សរបស់លោក
១៣ លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមកព្រះអម្ចាស់បានប្រោសប្រទានអោយនាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយ។
១៤ ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានអោយអ្នកមានចៅប្រុសមួយសំរាប់ថែរក្សាអ្នក!។ សូមអោយចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រាអែល
១៥ ចៅនេះនឹងធ្វើអោយជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។
១៦ នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។
១៧ ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ គឺលោកអូបេដនេះហើយ ដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាបិតារបស់ព្រះបាទដាវីឌ។
១៨ នេះជាពូជពង្សលោកពេរេស: លោកពេរេសបង្កើតលោកហេតស្រុន
១៩ លោកហេតស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមីណាដាប់
២០ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន
២១ លោកសាលម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតលោកអូបេដ
២២ លោកអូបេដបង្កើតលោកអ៊ីសាយ ហើយលោកអ៊ីសាយបង្កើតព្រះបាទដាវីឌ។