សាំយូអែល ទី ១
(សាមូអែល ទី ១)
លោកអេលី និងសាំយូអែល
១
នាងហាណានៅកន្លែងសក្ការៈស៊ីឡូ
១ មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។
២ បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។
៣ រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។
៤ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅអោយនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។
៥ ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានអោយមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើអោយនាងទៅជាស្ត្រីអារក៏ដោយ។
៦ នាងពេនីណា ជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងអោយនាងខឹងនឹងព្រះអម្ចាស់ ដែលបានធ្វើអោយនាងទៅជាស្ត្រីអារ។
៧ នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើអោយនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។
៨ ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។
៩ ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅព្រះវិហារ នៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យអេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃព្រះអម្ចាស់។
១០ នាងតូចចិត្តជាខ្លាំង ហើយអធិស្ឋានទៅរកព្រះអម្ចាស់ ទាំងយំហូរទឹកភ្នែករហាម។
១១ នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានអោយខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីអោយនៅបំរើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
១២ នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។
១៣ នាងអធិស្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កំរើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។
១៤ លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។
១៥ នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។
១៦ សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។
១៧ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានអោយនាងបានសំរេចតាមពាក្យរបស់នាងចុះ!»។
១៨ នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សំដែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។
១៩ លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។
កំណើត និងកុមារភាពរបស់លោកសាំយូអែល
លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
២០ នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
២១ ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
២២ ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលកូនខ្ញុំផ្ដាច់ដោះ នោះខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។
២៣ លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សំរេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។
២៤ លុះនាងផ្ដាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះ កុមារសាំយូអែលនៅក្មេងណាស់។
២៥ គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។
២៦ នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូលអង្វរព្រះអម្ចាស់ កាលពីមុន នៅទីនេះ ជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។
២៧ នាងខ្ញុំបានទូលអង្វរព្រះអម្ចាស់សូមអោយមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។
២៨ ឥឡូវនេះ នាងខ្ញុំសូមយកកូនមកថ្វាយព្រះអម្ចាស់ អោយនៅជាមួយព្រះអង្គអស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។