៣០
ជនជាតិអាម៉ាឡេកដុតកំទេចក្រុងស៊ីគឡាក់ លោកដាវីឌដេញតាមកងទ័ពអាម៉ាឡេក
១ នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកំទេចក្រុងស៊ីគឡាក់ចោល
២ ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។
៣ កាលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ
៤ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយនាំគ្នាស្រែកទ្រហោយំ រហូតទាល់តែលែងមានកម្លាំងយំទៀត។
៥ ភរិយាទាំងពីរនាក់របស់លោកដាវីឌ គឺនាងអហ៊ីណោមដែលជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាប្រពន្ធរបស់សពលោកណាបាល អ្នកភូមិកើមែល ក៏ត្រូវគេកៀរយកទៅដែរ។
៦ ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានអោយលោកមានកម្លាំងចិត្តឡើងវិញ។
៧ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកបូជាចារ្យអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូដ*មកអោយខ្ញុំ!»។ លោកអបៀថើរក៏ទៅយកអាវអេផូដមកជូន។
៨ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំដេញតាមពួកចោរនោះ តើទូលបង្គំតាមទាន់ឬទេ?»។ ព្រះអម្ចា ស់ មានព្រះបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
៩ លោកដាវីឌ និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយលោក នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។
១០ លោកដាវីឌ និងទាហានបួនរយនាក់បន្តដំណើរទៅទៀត ដោយទុកទាហានពីររយនាក់អោយនៅខាងក្រោយ ព្រោះពួកគេហេវហត់ពេក ពុំអាចឆ្លងទឹកជ្រោះបេសោរនោះបាន។
១១ ពួកគេបានប្រទះឃើញជនជាតិអេស៊ីបម្នាក់ នៅឯវាល ហើយនាំមកជូនលោកដាវីឌ។ គេយកនំបុ័ង និងទឹកអោយគាត់បរិភោគ
១២ ព្រមទាំងអោយនំធ្វើពីផ្លែឧទុម្ពរក្រៀម និងផ្លែទំពាំងបាយជូរក្រៀមពីរកញ្ចប់មកគាត់ដែរ។ ក្រោយពីបានបរិភោគរួចហើយ គាត់ក៏មានកម្លាំងឡើងវិញ ដ្បិតគាត់អត់បាយអត់ទឹកចំនួនបីថ្ងៃបីយប់មកហើយ។
១៣ លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាយុវជនជាតិអេស៊ីប និងជាបាវបំរើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបាទមានជំងឺ។
១៤ កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។
១៥ លោកដាវីឌសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំបាទអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមព្រះជាម្ចាស់ថា លោកមិនសម្លាប់ខ្ញុំបាទចោលទេ ហើយក៏មិនប្រគល់ខ្ញុំបាទទៅអោយម្ចាស់របស់ខ្ញុំបាទវិញដែរ»។
លោកដាវីឌវាយឈ្នះកងទ័ពអាម៉ាឡេក
១៦ បុរសនោះនាំលោកដាវីឌទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជយភ័ណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និងស្រុកយូដា។
១៧ លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។
១៨ លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។
១៩ លោកដាវីឌបានដណ្ដើមយកអ្វីៗទាំងអស់មកវិញ។ ពួកលោកមិនបាត់បង់នរណាម្នាក់សោះឡើយ គឺគេបាននាំក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស ទាំងកូនស្រី ហើយដណ្ដើមជយភ័ណ្ឌ និងអ្វីៗដែលខ្មាំងសត្រូវនាំយកទៅនោះមកវិញដែរ។
២០ លោកដាវីឌរឹបអូសយកបានហ្វូងចៀម និងហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះពោលថា៖ «នេះហើយជាជយភ័ណ្ឌរបស់លោកដាវីឌ»។
២១ លោកដាវីឌវិលមកជួបទាហានទាំងពីររយនាក់ ដែលហេវហត់ខ្លាំងពេក មិនអាចទៅតាមលោក ហើយដែលគេបានទុកអោយសំរាកនៅក្បែរទឹកជ្រោះបេសោរនោះ។ ពួកគេរត់មកទទួលលោកដាវីឌ និងអ្នកដែលនៅជាមួយលោកផង។ លោកដាវីឌចូលទៅជិត ហើយសួរសុខទុក្ខពួកគេ។
២២ នៅក្នុងចំណោមទាហានរបស់លោកដាវីឌ មានអ្នកខ្លះមានចិត្តអាក្រក់ និងចិត្តពាល នាំគ្នាពោលឡើងថា៖ «អ្នកទាំងនេះមិនបានទៅជាមួយពួកយើងទេ ដូច្នេះ មិនត្រូវចែកជយភ័ណ្ឌដែលដណ្ដើមមកវិញអោយពួកគេទេ គឺប្រគល់ត្រឹមតែប្រពន្ធ និងកូនរបស់គេ អោយគេនាំចេញទៅវិញប៉ុណ្ណោះបានហើយ»។
២៣ ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ថា៖ «បងប្អូនអើយ មិនត្រូវប្រព្រឹត្តដូច្នេះ ចំពោះទ្រព្យសម្បត្តិដែលព្រះអម្ចាស់ប្រទានមកយើងនោះឡើយ ដ្បិតព្រះអង្គបានការពារយើង ព្រមទាំងប្រគល់ពួកចោរដែលបានវាយប្រហារយើង មកក្នុងកណ្ដាប់ដៃរបស់យើងដែរ។
២៤ មិនត្រូវអោយនរណាម្នាក់ធ្វើតាមពាក្យរបស់បងប្អូនឡើយ ដ្បិតអ្នកទៅច្បាំងបានទទួលប៉ុនណា អ្នកនៅចាំឥវ៉ាន់ក៏ទទួលប៉ុណ្ណោះដែរ គឺត្រូវចែកអោយដូចៗគ្នា»។
២៥ ពាក្យលោកដាវីឌថ្លែងនេះជាច្បាប់ និងជាវិន័យមួយ ដែលជនជាតិអ៊ីស្រាអែលអនុវត្តតាម ចាប់តាំងពីថ្ងៃនោះតរៀងមក រហូតដល់សព្វថ្ងៃ។
២៦ កាលមកដល់ក្រុងស៊ីគឡាក់វិញ លោកដាវីឌបានផ្ញើចំណែកជយភ័ណ្ឌខ្លះទៅជូនពួកព្រឹទ្ធាចារ្យ នៅស្រុកយូដា ដែលជាមិត្តភក្ដិរបស់លោក ដោយផ្ដាំថា៖ «ជំនូនដែលខ្ញុំផ្ញើមកជូនអស់លោកនេះ ជាចំណែកជយភ័ណ្ឌដែលយើងដណ្ដើមបានពីខ្មាំងសត្រូវរបស់ព្រះអម្ចាស់»។
២៧ លោកបានផ្ញើជំនូនទាំងនោះទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប ព្រឹទ្ធាចារ្យនៅយ៉ាទៀរ
២៨ ព្រឹទ្ធាចារ្យនៅអារ៉ូអ៊ើរ ព្រឹទ្ធាចារ្យនៅស៊ីភម៉ូត ព្រឹទ្ធាចារ្យនៅអែលធេម៉ូ
២៩ ព្រឹទ្ធាចារ្យនៅរ៉ាកាល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកយេរ៉ាម្អែល ព្រឹទ្ធាចារ្យនៅភូមិរបស់ពួកកែន
៣០ ព្រឹទ្ធាចារ្យនៅហោម៉ា ព្រឹទ្ធាចារ្យនៅកោរ-អាសាន ព្រឹទ្ធាចារ្យនៅអាថាក
៣១ ព្រឹទ្ធាចារ្យហេប្រូន ព្រមទាំងអស់លោកព្រឹទ្ធាចារ្យនៅគ្រប់ទីកន្លែងដែលលោក និងទាហានរបស់លោកធ្លាប់ឆ្លងកាត់។