៣១
ព្រះបាទសូល និងបុត្រាសោយទិវង្គត
១ កងទ័ពភីលីស្ទីនវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។
២ ពួកភីលីស្ទីនដេញតាមព្រះបាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
៣ បន្ទាប់មក ពួកគេសំរុកទៅលើព្រះបាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើអោយស្ដេចតក់ស្លុតយ៉ាងខ្លាំង។
៤ ស្ដេចមានរាជឱង្ការទៅសេនាដែលកាន់គ្រឿងសស្រ្ដាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយអោយពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនទៅលើមុខដាវនោះ។
៥ កាលសេនាដែលកាន់គ្រឿងសស្រ្ដារបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនទៅលើមុខដាវ ស្លាប់ជាមួយស្ដេចដែរ។
៦ ដូច្នេះ ព្រះបាទសូល បុត្រាទាំងបីអង្គ សេនាដែលកាន់គ្រឿងសស្រ្ដារបស់ស្ដេច និងពលទាហានទាំងអស់ បានស្លាប់ជាមួយគ្នា ក្នុងថ្ងៃតែមួយ។
៧ កាលទ័ពអ៊ីស្រាអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ ដឹងថា អ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រាសុគតអស់ នោះពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
៨ ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។
៩ ពួកគេក៏កាត់កស្ដេច ព្រមទាំងដោះគ្រឿងសស្រ្ដាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។
១០ បន្ទាប់មក ពួកគេយកគ្រឿងសស្រ្ដាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្ដេចទៅព្យួរនៅកំពែងក្រុងបេតសាន។
១១ អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះព្រះបាទសូល។
១២ ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ព្រះបាទសូល និងបុត្រា ចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។
១៣ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ ចំនួនប្រាំពីរថ្ងៃ។