១១
ការវិនាសរបស់មហាអំណាច
១ ស្រុកលីបង់អើយ
ចូរបើកចំហទ្វាររបស់អ្នក!
ចូរអោយភ្លើងឆាបឆេះដើមឈើដ៏ធំៗ
របស់អ្នកទៅ!
២ ដើមកកោះអើយ
ចូរស្រែកអោយអស់ទំហឹងទៅ
ដ្បិតដើមតាត្រៅរលំហើយ!
ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!
ដើមគគីរនៅស្រុកបាសានអើយ
ចូរនាំគ្នាស្រែកអោយអស់ទំហឹងទៅ
ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
៣ ចូរស្ដាប់សំរែកថ្ងូររបស់ពួកមេដឹកនាំ
ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។
ចូរស្ដាប់សំរែករបស់សិង្ហស្ទាវ
ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន
ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
គង្វាលពីរនាក់
៤ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំមានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។
៥ អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ដោយគិតថា ខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
៦ យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើអោយមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកំទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់អោយរួចឡើយ»។
៧ ពេលនោះ ខ្ញុំក៏ឃ្វាលចៀម ដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។
៨ ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
៩ ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតអោយវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសអោយវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់អោយវាហែកគ្នាស៊ីទៅ!
១០ ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។
១១ សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
១២ ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់អោយខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*អោយខ្ញុំទុកជាប្រាក់ឈ្នួល។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅអោយជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទុកសំរាប់ជាងស្មូន។
១៤ បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំគឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងីល្ងើទៀតទៅ!
១៦ ដ្បិតយើងធ្វើអោយមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួនដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនអោយចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
១៧ គង្វាលពាលមុខជាត្រូវវេទនាពុំខាន!
ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។
សូមអោយដាវកាប់បំបាក់ដៃ
និងចាក់ចំភ្នែកស្ដាំរបស់គេ!
សូមអោយដៃរបស់គេស្វិតប្រើការលែងបាន
ហើយភ្នែកស្ដាំរបស់គេមើលអ្វីលែងឃើញ»។