១២
ការរំដោះក្រុងយេរូសាឡឹម
១ សេចក្ដីប្រកាស។
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់
ថ្លែងអំពីស្រុកអ៊ីស្រាអែល។
ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ
ហើយចាក់គ្រឹះផែនដី
ព្រមទាំងផ្ដល់ដង្ហើមជីវិតអោយមនុស្សលោក
ទ្រង់មានព្រះបន្ទូលថា៖
២ «យើងធ្វើអោយក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលអោយជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។
៣ នៅថ្ងៃនោះយើងនឹងធ្វើអោយក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។
៤ នៅថ្ងៃនោះយើងនឹងធ្វើអោយសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើអោយសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។
៥ ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។
៦ នៅថ្ងៃនោះយើងធ្វើអោយពួកមេដឹកនាំរបស់ជនជាតិយូដា បានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅនៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
៧ ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំអោយរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។
៨ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើអោយគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះអម្ចាស់ នៅមុខពួកគេ។
ពួកគេកាន់ទុក្ខព្រះអង្គដែលគេបានចាក់ទម្លុះ
៩ នៅថ្ងៃនោះ យើងនឹងកំទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។
១០ យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីអោយពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
១១ នៅថ្ងៃនោះប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូននៅវាលមេគីដោ។
១២ អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
១៣ អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
១៤ រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។