១០
រាជ្យរបស់ស្តេចដាវីឌ ស្តេចសូលសោយទិវង្គត
១ រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ ២ ពួកភីលីស្ទីនក៏ដេញតាមសូល និងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីន៉ាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ ៣ ចំបាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្តីវេទនាដោយព្រោះគេ ៤ ដូច្នេះ សូលមានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ ៥ រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ ៦ គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។
៧ កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំបានឃើញថា ពួកពលបែករត់ទៅ ហើយថា សូល និងពួកបុត្រាទ្រង់បានសុគតហើយ នោះគេលះចោលទីក្រុងរបស់គេ រត់ទៅដែរ រួចពួកភីលីស្ទីនបានមកអាស្រ័យនៅក្នុងទីក្រុងទាំងនោះ ៨ ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ ៩ រួចគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធទ្រង់ ចាត់គេឲ្យនាំដំណឹងទៅឯស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្តាជនផង ១០ គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន ១១ កាលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការ ដែលពួកភីលីស្ទីនបានធ្វើដល់សូល ១២ នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។
១៣ ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប ១៤ ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។